ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាជោកជាំ ទើបចេញពីក្លឹប បើករថយន្តស៊េរីទំនើប Range Rover មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនដូចហោះ រេចង្កូតឡើងទៅលើចិញ្ចើមផ្លូវ បុកបង្គោលភ្លើង និងបង្គោលស្លាកចរាចរណ៍ បាក់អស់ជាច្រើនដើម និងបាក់សង្កត់លើថយន្ត Lexus មួយគ្រឿងទៀត រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ចំណែករថយន្តបង្ករងការខូចខាតស្ទើរទាំងស្រុង និងបើកទៅមុខលែងរួច។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅពីវេលាម៉ោង២៖៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨នេះ ត្រង់ចំណុចក្បែររង្វង់មូលវិមានឯករាជ្យ តាមបណ្តោយផ្លូវព្រះសុរាម្រិត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យអ្នកយកព័ត៌មាន CAM POST ដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្តមួយគ្រឿង ម៉ាក Range Rover ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2W-8558 បើកបរដោយបុរសម្នាក់ ដែលស្រវឹងស្រាជោកជាំ បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះសុរាម្រិត ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតឡើងចិញ្ចើមផ្លូវ បុកបង្គោលភ្លើង និងបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្ដាលបាក់អស់ជាច្រើនដើម ហើយបង្គោលភ្លើងក៏បាក់រលំត្រូវរថយន្ត Lexus មួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2AO-9429 ដែលចតចោលនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងក្រោយ យ៉ាងដំណំ ចំណែករថយន្តបង្ក កល់ជាប់បើកទៅមុខលែងរួច និងរងការខូចខាតស្ទើរទាំងស្រុង។
ក្រោយមកម្ចាស់រថយន្តបានបើកទ្វារចុះមករួចដើរមកទាំងក្នុងស្ថានភាពស្រវឹងស្រាទន់ខ្លួន រួចរៀបរាប់ប្រាប់ឲ្យភ្នាក់ងារព័ត៌មាន CAM POST បានដឹងថា គាត់ជាម្ចាស់រថយន្តបង្កខាងលើនេះ មានឈ្មោះ ខេង អាយុ ៣១ឆ្នាំ មានទីលំនៅផ្លូវហ្សាលដេហ្គោល ម្ដុំផ្សារឌុយម៉េច ខណ្ឌ៧មករា ដោយទើបបើករថយន្តក្នុងល្បឿនលឿនចេញពីជួបជុំមិត្តភក្តិនៅក្លឹប SOUND បំណងបើកទៅផ្ទះ តែមកដល់កន្លែងកើតហេតុ ក៏ជួបគ្រោះថ្នាក់បែបនេះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការឃាត់បុរសឈ្មោះ ខេង ដែលជាអ្នកបើករថយន្តបង្កខាងលើនោះ និងនាំយកទៅប៉ុស្តិ៍ដើម្បីធ្វើកំណត់ហេតុ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ មកធ្វើការវាស់វែង រួចយករថយន្តនិងបង្គោលភ្លើងស្លាកសញ្ញាចរាចរណ៍ដែលបាក់ និងខូចខាតនោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូចខាតទៅតាមផ្លូវច្បាប់៕