
សម្មាធិគឺជាការអនុវត្តដែលបុគ្គលម្នាក់ហ្វឹកហាត់ចិត្ត ឬជំរញស្មារតី សមាធិគឺជាពាក្យសំដៅទៅលើ ការអនុវត្តជាទូលំទូលាយមួយដែលរួមបញ្ចូលទាំងបច្ចេកទេសដែលបង្កើតឡើងដើម្បីជំរុញការសម្រាក កសាងកម្លាំងខាងក្នុង ឬថាមពលនៃជីវិត។ តើអ្នកបានដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការធ្វើសមាធិដែរឬទេ ?
លោក ហីម សំណាង ប្រធានក្រុមហ៊ុន Passion Indochina Travel បាននិយាយថា៖ យោងតាមការស្រាវជ្រាវរបស់មហាវិទ្យាល័យធំៗជាច្រើននៅជុំវិញពិភពលោករកឃើញថា៖ អ្នកដែលប្រើវេជ្ជបញ្ជាសុទ្ធសាធ (ប្រើថ្នាំពេទ្យតែមួយមុខ) គេឃើញអត្រាស្លាប់ជាងដប់ម៉ឺននាក់ក្នុងមួយឆ្នាំ។
ចំណែកឯ អ្នកដែលអនុវត្តគោលការណ៍បីយ៉ាងៈ ហាត់ប្រាណ សមាធិ និងហូបអាហារធម្មជាតិដែលមានសុវត្ថិភាព គេឃើញអត្រាស្លាប់ក្នុងអាយុមិនក្រោម៧០ឆ្នាំទេ (សុទ្ធតែអាយុចិតសិប ប៉ែតសិបឡើងទៅទើបស្លាប់)។ ប្រហែលដល់ពេលហើយដែលយើងត្រូវចាប់ផ្តើមរកវិធីព្យាបាលតាមបែបធម្មជាតិ ដ៏ល្អបំផុត <<< សមាធិ ជាឱសថព្យាបាលកាយចិត្ត >>> ។
លោក ហីម សំណាង បានប្រាប់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការធ្វើសមាធិ ដូចខាងក្រោម៖
១- ជួយជម្នះភាពតានតឹង កាត់បន្ថយតានតឹងអារម្មណ៍ (Stress) ជួយឲ្យដេកលក់ស្ងប់។ ២- ជួយជំរុញឲ្យមានគំនិតច្នៃប្រឌិត ៣- កែលម្អទំនាក់ទំនងគ្រួសារឲ្យមានភាពជិតស្និទ្ធ និងជីវិតផ្លូវភេទបានល្អ ៤- រក្សាទម្ងន់ និងការឃ្លានអាហារ (មិនឃ្លានពេក មិនខ្ពើមបាយ) ៥- ធ្វើឲ្យការរំលាយអាហារបានល្អ និងមានសំពាធឈាមទាប ៦- កាត់បន្ថយវិបត្តិចង្វាក់បេះដូង ការគាំងបេះដូង ការរលួយសាច់ដុំបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល ៧- ព្យាបាលជំងឺថប់បារម្ភ(Anxiety) ៨- ជួយព្យាបាលជំងឺធ្លាក់ទឹកចិត្ត (Depression) ៩- ព្យាបាលជំងឺឈឺពឺតចុកចាប់លើរាងកាយដែលបណ្តាលមកពីការគិត(Psychosomatic disorder) ១០- ជួយកាត់បន្ថយកំហឹងក្រោធ ការវង្វេងចិត្តគិតរាយមាយ កាត់បន្ថយការឈឺ (ពេលស្លាប់មិនសូវមានការឈឺចាប់) កែលម្អការយល់ដឹង និងការចងចាំ ១១- បង្កើនការប្រមូលស្មារតី ការផ្តោតចិត្តគិត មិនរាយមាយ មានការយកចិត្តទុកដាក់ក្នុងការបំពេញការងារមិនភ្លេចមុខ ភ្លេចក្រោយ (ចងចាំបានល្អ) ១២- រក្សាអាយុកោសិការប្រសាទ (Neurone) ឲ្យនៅវែង បង្កើនទំហំសាច់ខួរក្បាលមិនស្វិតទ្រោម ១៣- កាត់បន្ថយការស្ទះសរសៃឈាមបេះដូងបាន៦០%។
លោក ហីម សំណាង បន្ថែមថា ឥទ្ធពលរបស់សមាធិមានពាសពេញរាងកាយ គឺការជួសជុលស្វ័យភាព កន្លែងណាខុសប្រក្រតី ធ្វើឲ្យមានប្រក្រតីភាពឡើងវិញ(ដោយការស្រូបចូលនៃឋាមពលចក្រវាឡ)។ ចាំណា សមាធិមិនមែនមានប្រយោជន៍តែក្នុងវេជ្ជសាស្ត្រប៉ុណ្ណោះទេ វានាំឲ្យកើតភាពស្មោះត្រង់ក្នុងការដោះស្រាយបញ្ហា ដែលជាបុព្វហេតុដ៏ពិតប្រាកដនៃសន្តិភាពពិភពលោក នឹងការរីកចំរើនក្នុងការបំពេញការងារតទៀតផង។ ព្រះពុទ្ធទ្រង់ត្រាស់ថា៖ផ្លូវរួចរំដោះតថាគតបានរកឃើញហើយ ការប្រតិបត្តិគឺអាស្រ័យលើខ្លួនអ្នកតែប៉ុណ្ណោះ !


