
ក្រចេះ៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពព្យាយាមចាបរំលោភនារីម្នាក់ តែមិនបានសម្រច ។
ករណីយុវជនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យៈឈ្មោះ និត ទ្បូយហៅ ឆ្លូញ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួលខេត្តក្រចេះ។ នារីរងគ្រោះ អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិនជាមួយគ្នា។

សមត្ថកិច្ច បានបន្តថា នៅថ្ងៃពុធ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១.៣០នាទីយប់ នារីរងគ្រោះកំពុងអង្គុយនិយាយទូរស័ព្ទ នៅចំណុចសាលាចិន ភ្លាមនោះស្រាប់តែជនសង្ស័យបានដើរចេញពីក្រោយសាលាចិន រួចមកចាប់ខ្ទប់មាត់នាងពីក្រោយ បម្រុងអូសទៅរំលោភក្នុងព្រៃខាងក្រោយសាលា ប៉ុន្តែនាងរើបម្រាស់រួច ហើយក៏ស្រែកឲ្យគេជួយ ឮដូចនេះ ជនសង្ស័យ ក៏រត់គេចខ្លួនបាត់។ លុះដល់ថ្ងៃទី២៤ ខែឧសា ឆ្នាំ២០១៨ ទើបនារីរងគ្រោះមកប្ដឹងសមត្ថកិច្ច។

ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្នួល ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋានតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចបានបានធ្វើការឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តបន្តតាមនីតិវិធី៕