ភ្នំពេញៈ មនុស្សប្រុសស្រីចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចនគរបាលគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន ក្រោយបើកប្រតិបត្តិការ ចុះបង្ក្រាបសំណង់អនាធិបតេយ្យ វាលខ្សាច់ផ្លូវ៦០ម៉ែត្រ ក្រោយរោងចក្រតាក់ហ្វាត។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៩៖២០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ ត្រង់នៅចំណុចសំណង់អនាធិបតេយ្យ តំបន់វាលខ្សាច់ ក្រោយរោងចក្រតាក់ហ្វាត តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌមានជ័យ លោក តេង លីណូ បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបតំបន់ខាងលើនេះ កម្លាំងបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ១០នាក់ (ស្រី៣នាក់) ពាក់ព័ន្ធនឹងបទល្មើលគ្រឿងញៀន រួមទាំងធ្វើការដកហូតនូវវត្ថុតាងរួមមាន ដាវសាម៉ូរៃ១ដើម កាមេរ៉ាសុវត្ថិភាព៥គ្រឿង ម៉ូតូម៉ាកសេដេ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FD-0200 និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។
គួររំលឹកថា កាលពីចុងឆ្នាំ២០១៧នេះកន្លងទៅ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ក្រោមការបញ្ជាពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឯកភាពឲ្យលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ដឹកនាំកម្លាំងបានចុះវាយរុះរើលំនៅឋាន ៩ខ្នងតូចៗទាំងនោះ ២លើករួចមកហើយ និងលើកនេះចំនួន ៥ខ្នងទៀត សរុបទាំង៣លើក ចំនួន ១៥ខ្នងផ្ទះ ត្រូវរុះរើចេញ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានស្នើដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតឲ្យមានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ៕