ព្រះសីហនុៈ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះជនជាតិចិនថា វេលាម៉ោង២រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូប ខណៈជនរងគ្រោះកំពុងដើរ នៅចំណុចមុខយានដ្ឋានអារុណរៈ ស្ថិតនៅភូមិ២ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ ភ្លាមកម្លាំងជំនាញផែនព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញា និងទីកន្លែងស្នាក់នៅរបស់ពួកគេ ទើបសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ ដើម្បីចុះទៅកន្លែង ដែលពួកគេស្នាក់នៅ ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ រ៉ា ណារ៉ាន់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិសំបូមាស ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ( ជនដៃដល់ បើបម៉ូតូ)។ ២-ឈ្មោះ គឹម កុសល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ សង្កាត់ច្រាំងចម្រេះ “គីឡូលេខ១០” ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( ជនដៃដល់ ជិះពីក្រោយឆក់)។ ៣-ឈ្មោះ ម៉ៃ សុគន្ធបញ្ញា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ (បក្ខពួក) ។ ៤-ឈ្មោះ លី ប៊ុនណាន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( បក្ខពួក)។ ៥-ឈ្មោះ ច័ន្ទ ដាវី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (បក្ខពួក)។ ៦-ឈ្មោះ សុខ វណ្ណឌី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (បក្ខពួក) ។ ៧-ឈ្មោះ ម៉ាច វុទ្ធី ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (បក្ខពួក )។
ក្រោយឃាត់ខ្លួនសមត្ថកិច្ច បានវត្ថុតាងរួមមាន ៖ -កាបូបដៃ១ ពណ៌ខ្មៅ -លុយដុល្លារ ១៥០ដុល្លារ -លុយចិន ៥០០YUAN -លិខិតឆ្លងដែន២ច្បាប់ -ប័ណ្ណបើកបរ២សន្លឹក -នាឡិកាដៃ១គ្រឿង ពណ៌លឿង -ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE7 PLUSH ពណ៌ខ្មៅ -កាតមួយចំនួន -ម៉ូតូ ២គ្រឿង ១ ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១GZ-៧៤៩៥ -២ ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១GO-៥២៧៨ -៣ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១FK-៧០៤៣(ជាមធ្យោបាយធ្វើសកម្មភាព)។
សមត្ថកិច្ច បានបន្តថា ជនរងគ្រោះឈ្មោះ LI YINYU ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខៈ G៥៨៧៧០៥១៤ ស្នាក់នៅកាស៊ីណូជិនប៉ី ក្រុម១១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់៖ -កាបូបដៃ១ ពណ៌ខ្មៅ -លុយដុល្លារជាង ១,០០០ដុល្លារ -លុយចិន ៣,០០០YUAN -លិខិតឆ្លងដែន២ច្បាប់ -ប័ណ្ណបើកបរ ២សន្លឹក -នាឡិកាដៃ ០១គ្រឿង ពណ៌លឿង-កាតមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕