
ភ្នំពេញៈ លោក ចាវ ឃើជឺ (Zhao Kezhi) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានសន្យាថា នឹងបន្តជួយបំពាក់កាមេរ៉ាសុវត្ថិភាពដល់ប្រទេសកម្ពុជាបន្ថែមទៀត ពោលគឺឲ្យបានទូទាំងប្រទេស ប៉ុន្តែការជួយនេះ គឺនឹងធ្វើឡើងជាដំណាក់កាល។
ការសន្យារបស់ លោក ចាវ ឃើជឺ នេះគឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា "រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន បានសន្យាថា នឹងបន្តជួយបំពាក់កាមេរ៉ាសុវត្ថិភាពដល់កម្ពុជាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវសុវត្ថិភាពចរាចរណ៍ និងបទល្មើសផ្សេងៗទៀត ខណៈនៅរាជធានីភ្នំពេញមានកាមេរ៉ាសុវត្ថិភាពត្រឹមតែជាងមួយពាន់ ក្នុងនោះជាជំនួយរបស់ចិនជិតពាក់កណ្តាល"។

លោកបានបន្តថា ក្រៅពីបន្តជួយបំពាក់កាមេរ៉ា ឯកឧត្តម ចាវ ឃើជឺ (Zhao Kezhi) ក៏បានសន្យាថា នឹងបន្តជួយបណ្តុះបណ្តាលជំនាញនគរបាលកម្ពុជាបន្ថែមទៀតផងដែរ ទាំងការទប់ស្កាត់បទល្មើសផ្សេងៗ និងទាំងជំនាញផ្នែកចរាចរណ៍។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះក្រសួងសន្តិសុខសាធារណៈចិន ដែលបានជួយផ្តល់ជំនួយជាច្រើនដល់អគ្គស្នងការដ្ឋាននគរបាលជាតិនាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា រាល់ជំនួយទាំងនេះ គឺបានជួយសម្រួលយ៉ាងខ្លាំងដល់កងកម្លាំងនគរបាលជាតិ ក្នុងការគ្រប់គ្រងទិន្នន័យទាំងបទល្មើស និងចរាចរណ៍ជាដើម។


ជាមួយគ្នានោះដែរ លោកក៏បានថ្លែងអំណរគុណដល់ លោក ចាវ ឃើជឺ (Zhao Kezhi) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានសន្យាបន្តជួយផ្តល់បំពាក់កាមេរ៉ាសុវត្ថិភាព និងជួយបណ្តុះបណ្តាលជំនាញដល់មន្រ្តីនគរបាលបន្ថែមទៀត ហើយតាមរយៈជំនួយនេះសបញ្ជាក់ឲ្យឃើញថាទំនាក់ទំនង រវាងកម្ពុជា និងចិនកាន់តែស៊ីជម្រៅខ្លាំងក្លាបន្ថែមទៀត។
នៅក្នុងឱកាសនោះ លោក ចាវ ឃើជឺ (Zhao Kezhi) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន ក៏បានអញ្ជើញពិនិត្យមើលនូវបន្ទប់កាមេរ៉ាសុវត្ថិភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។ នេះបើយោងការចេញផ្សាយរបស់ អគ្គស្នងការនគរបាលជាតិ៕










