Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ជួយដោះស្រាយ និងសម្រួលដល់សកម្មភាពនានា របស់បក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោតជាតិ ។ ការបើកឱកាសនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង១៣៤គីឡូម៉ែត្រ ពីភ្នំពេញទៅក្រុងកំពត នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ ។

សម្ដេចតេជោ បញ្ជាក់ថា បក្សនយោបាយមួយចំនួន បានចុះឈ្មោះរួចរាល់ ហើយគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសចូលរួមការបោះឆ្នោតដែរ ។ សម្ដេចបន្តថា មានគណបក្សនយោបាយ មិនតិចជាង១០ទេ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនេះ ។ ប៉ុន្តែក៏នៅមានបក្សនយោបាយមួយចំនួន កំពុងតែបង្កើតត្រូវការស្នាមមេដៃ ត្រូវការបញ្ជាក់នេះបញ្ជាក់នោះឲ្យស្របតាមច្បាប់ ។

ជាមួយគ្នានេះ សម្តេចតេជោ បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន ដែលមានការពាក់ព័ន្ធ ដូចជាតម្រូវការចុះហត្ថលេខា ដើម្បីទទួលស្គាល់ថា អ្នកនេះនៅកន្លែងនេះ ឬតម្រូវការលិខិតថ្កោលទោសជាដើម គឺត្រូវដោះស្រាយឲ្យបណ្ដាបក្សនយោបាយ ដោយគ្មានការរើសអើង នេះជាលំហរនៃដំណើរការលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា សុំឲ្យជួយសម្រួលផង ។ សម្ដេចបន្តថា អាជ្ញាធរក៏ត្រូវជួយសម្រួលដល់ការលើកស្លាក របស់គណបក្សនានា បើទីតាំងនោះគណបក្សប្រជាជនលើកស្លាកបាន គណបក្សផ្សេងក៏លើកបានដែរ ។

សម្ដេចតេជោ គូសបញ្ជាក់ថា សម្តេចដាក់ចេញជាបទបញ្ជាតែម្ដង ព្រោះរឿងបក្សប្រជាជន ជារឿងមួយ ក៏ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចត្រូវមានការទទួលខុសត្រូវ ដាស់តឿន ចំពោះស្ថាប័នមានសមត្ថកិច្ច ដែលមានការពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តាំងពីមូលដ្ឋានរហូតមក ត្រូវបង្កលក្ខណៈសម្បត្តិ ឲ្យបណ្ដាបក្សនយោបាយ ដែលចូលរួមបោះឆ្នោតសម្រួល ឲ្យពួកគេបានធ្វើសកម្មភាព តាមច្បាប់កំណត់។ ជាមួយគ្នានោះដែរ សម្ដេចតេជោ បានបញ្ជាក់ថា លទ្ធផលបោះឆ្នោតនៅកម្ពុជា មិនតម្រូវឲ្យរដ្ឋាភិបាលប្រទេសទាំងអស់ ឬអង្គការសហប្រជាជាតិ មកទទួលស្គាល់ឡើយ ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកការចុះបញ្ជីឈ្មោះ បេក្ខជនឈរជាតំណាងរាស្រ្តនីតិកាលទី៦ រយៈពេល១៥ថ្ងៃ ចាប់តាំងពីថ្ងៃទី៣០ មេសា នៅទីស្នាក់ការ គ.ជ.ប ផ្ទាល់ ។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។

នៅក្នុងវេទិការនេះដែរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសារធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៣ ចាំបាច់ត្រូវតែពង្រីកឲ្យស្របតាមត្រូវការ ប្រជាពលរដ្ឋព្រោះផ្លូវនេះ ជាផ្លូវប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ ដ៏មានសក្ដានុពលរបស់កម្ពុជា ដោយតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត ។ គម្រោងនេះគ្រោងចំណាយថវិកា សរុបប្រមាណ ២១៩,៩១១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវវ៉ានអាន និងប្រើរយៈពេល៤៨ខែ ។ បន្ទាប់ពីសាងសង់រួចជាស្ថាពរ ផ្លូវជាតិលេខ៣ នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលការធ្វើចរាចរណ៍ការដឹកជញ្ជូន ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន វិនិយោគ និងរបស់បងប្អូនពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារនៅក្នុងស្រុក និងជាពិសេស ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស សំដៅទាញយកប្រយោជន៍ ឲ្យបានច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ច អាស៊ានតំបន់ និងពិភពលោក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor