Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅតែ២ខែទៀតប៉ុណ្ណោះ ស្នងការនគរបាលក្រុងភ្នំពេញ នឹងត្រូវផ្លាស់ប្តូរតំណែងហើយ ក្នុងនោះ លោកផ្កាយ៤ ជួន សុវណ្ណ នឹងត្រូវផ្ទេរចេញ ដោយដាក់ជំនួសប្អូនប្រុស ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង គឺលោកផ្កាយ៣ ស ថេត។

បើតាមប្រភពព័ត៌មានច្បាស់ការ បានទម្លាយប្រាប់អង្គភាពសារព័ត៌មាន Cam Post ថា នៅថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ នឹងត្រូវរដ្ឋាភិបាលផ្លាស់ប្តូរតំណែង ដោយដាក់ជំនួសលោក ស ថេត គឺជាអ្នកមានធនធានសេដ្ឋកិច្ច ហើយក៏ត្រូវជាប្អូនបង្កើតរបស់សម្តេចក្រឡាហោម ស ខេង ផងដែរ។

ប្រភពបានប្រាប់ទៀតថា រាជរដ្ឋាភិបាល គ្រោងដោះដូរតំណែងលោក ជួន សុវណ្ណ យូរមកហើយ តែត្រូវបានផ្អាកទៅវិញ បន្ទាប់ពីមានការអន្តរាគមន៍ពីសម្តេច ស ខេង ដោយយល់ថា លោកផ្កាយ៤រូបនេះ មានស្នាដៃ ណាមួយលោកជាដន្លងសម្តេច ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភាផងដែរ។

ពាក់ព័ន្ធនឹងការផ្លាស់ប្តូរតំណែងមេប៉ូលិសក្រុងភ្នំពេញ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ មិនបានបរិយាយនោះទេ ដោយលោកប្រាប់ថា លោកដឹងត្រឹមតែបច្ចុប្បន្នកាលប៉ុណ្ណោះ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់ Cam Post ថា “ពូមិនបានដឹងអនាគតកាលទេ ដឹងត្រឹមតែបច្ចុប្បន្នប៉ុណ្ណោះ... រឿងដោះដូរស្នងការ ពូមិនដឹងទេ“

លោក ស ថេត អត្តលេខ១៥៧២២ ក្នុងជួរកម្លាំងនគរបាលជាតិ និងត្រូវជាប្អូនប្រុសបង្កើតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតស្នងការនគរបាលខេត្តបាត់ដំបង បច្ចុប្បន្នជាមន្រ្តីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែឧសភានេះ Cam Post មិនអាចទំនាក់ទំនងសុំការពន្យល់បានទេ ដោយទូរស័ព្ទចូល មិនមានអ្នកទទួល។

លោក ស ថេត អតីតស្នងការនគរបាលខេត្តបាត់ដំបង ត្រូវបានផ្ទេរតំណែង និងដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដែលបច្ចុប្បន្នលោកជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលផែនជំនួយការដឹកនាំនាយកដ្ឋាននគរបាលការពារ និងអង្គភាពតម្រួតបទបញ្ជា​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor