Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គ្រូអគ្គីនេតដែលល្បីល្បាញតាមហ្វេសប៊ុក រឿងកាប់មិនមុត ដុតមិនឆេះ ប្រឡាក់ផេះមិនស្អុយ ចំហុយមិនឆ្អិន នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ ត្រូវបានបញ្ជូនពីពន្ធនាគារព្រៃស មកកាត់ទោសនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការលក់គ្រឿងញៀន ។

ជនត្រូវចោទឈ្មោះ វ៉ាន់ សុខសីហា អាយុ២២ឆ្នាំ ហៅគ្រូអគ្គីនេត ស្នាក់នៅផ្ទះលេខ៦៦២ ផ្លូវ២៧១ សង្កាត់បឹងទំបន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅក្នុងសវនាការគ្រូអគ្គីនេត បានសារភាពថា ខ្លួនគេពិតជាបានលក់គ្រឿងញៀនពិតប្រាកដមែន ដើម្បីយកប្រាក់កំរ៉ៃចិញ្ចឹមជីវិត ។

ការសារភាពរបស់ជនជាប់មិនបង្កភាពស្មុគស្មាញដល់តុលាការទេ ដូច្នេះចៅក្រមបានសម្រេចប្រកាសសាលក្រមរឿងក្ដីលក់គ្រឿងញៀន របស់គ្រូអគ្គីនេត នៅថ្ងៃទី ៣០ឧសភាខាងមុខ ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ វ៉ាន់ សុខសីហា ហៅហោរា អគ្គីនេត្រ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ។

លោក កុល ប៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូង បានបញ្ជាក់ថា ក្រោយពីបានពិនិត្យសំណុំរឿង និងបើកការស៊ើបសួរនោះ លោកបានសម្រេចចោទប្រកាន់លើឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ភេទប្រុស ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់២.៦៨ក្រាម ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ យោងតាមមាត្រា៤០ នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ។

ឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿងជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់២.៦៨ក្រាម ។

ក្រោយឃាត់ខ្លួនជនត្រូវចោទខាងលើ សមត្ថកិច្ចបានបញ្ជូនខ្លួនជនត្រូវឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ មកតុលាការនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ហើយនៅថ្ងៃទី ៣០កញ្ញា ចៅក្រម រស់ ពិសិដ្ឋ បានចេញដីកាសម្រេចឃុំខ្លួន រហូតដល់ថ្ងៃកាត់ទោសនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor