
ប៉ៃលិនៈ យ៉ាងហោចណាស់មនុស្ស៦នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយពីជួបហេតុការណ៍គ្រោះចរាចរណ៍គោយន្តកែច្នៃដឹកអីវ៉ាន់ដាច់ឡេ រេចង្កូតធ្លាក់ចូលប្រឡាយ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីម៉ោង៤៖២០នាទីល្ងាចថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ១-ឈ្មោះ ហ៊ា រឿន ភេទស្រី អាយុ៥០ឆ្នាំ របួសធ្ងន់ ២-ឈ្មោះ ពុធ វ៉ា ភេទស្រី អាយុ៤៧ឆ្នាំ របួសធ្ងន់ ៣-ឈ្មោះ ហ៊ុន ចន្ទ័ ភេទស្រី អាយុ៦១ឆ្នាំ របួសស្រាល ៤-ឈ្មោះ កេត លី ភេទប្រុស អាយុ៦០ឆ្នាំ របួសស្រាល ៥-ឈ្មោះ រឿត គឹមឡេង ភេទ ស្រី អាយុ៣ឆ្នាំ របួសស្រាល ៦-ឈ្មោះអាត់ ថ្លៃ ភេទប្រុស អាយុ៣៩ឆ្នាំ របួសស្រាល។ ជនរងគ្រោះទាំង៦នាក់ រស់នៅភូមិ អន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

ក្រោយកើតហេតុជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីសម្រាកព្យាបាល៕




