header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស គ្រូហោយ៍អគ្គីនេត្យ ដាក់ពន្ធនាគារ៣ឆ្នាំ និងពិន័យប្រាក់ចំនួន៤លានរៀល ដាក់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន យោងតាមមាត្រា៤០ នៃច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ។

សេចក្ដីសម្រេចនេះ បើកផ្លូវឲ្យជនត្រូវចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើយល់ថា ខ្លួនមិនសុខចិត្តនិងសាលក្រមរបស់តុលាការ ។

គួររំលឹកថា គ្រូអគ្គីនេត្យដែលល្បីល្បាញតាមហ្វេសប៊ុក រឿងកាប់មិនមុត ដុតមិនឆេះ ប្រឡាក់ផេះមិនស្អុយ ចំហុយមិនឆ្អិន នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ ត្រូវបានបញ្ជូនពីពន្ធនាគារព្រៃស មកកាត់ទោសនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការលក់គ្រឿងញៀន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ។

ជនត្រូវចោទឈ្មោះ វ៉ាន់ សុខសីហា អាយុ២២ឆ្នាំ ហៅគ្រូអគ្គីនេត ស្នាក់នៅផ្ទះលេខ៦៦២ ផ្លូវ២៧១ សង្កាត់បឹងទំបន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅក្នុងសវនាការ គ្រូអគ្គីនេត បានសារភាពថា ខ្លួនគេពិតជាបានលក់គ្រឿងញៀនពិតប្រាកដមែន ដើម្បីយកប្រាក់មកចិញ្ចឹមជីវិត ។

ការសារភាពរបស់ជនត្រូវជាប់ មិនបង្កភាពស្មុគស្មាញដល់តុលាការទេ ដូច្នេះចៅក្រមបានសម្រេចប្រកាសសាលក្រមរឿងក្ដីលក់គ្រឿងញៀន របស់គ្រូអគ្គីនេត នៅថ្ងៃទី ៣០ឧសភា ដោយសម្រេចផ្ដន្ទាទោសដសក់ពន្ធនាគារកំណត់៣ឆ្នាំ និងពិន័យប្រាក់ចំនួន៤លានរៀល ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ វ៉ាន់ សុខសីហា ហៅហោរា អគ្គីនេត្រ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ។

លោក កុល ប៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូង បានបញ្ជាក់ថា ក្រោយពីបានពិនិត្យសំណុំរឿង និងបើកការស៊ើបសួរនោះ លោកបានសម្រេចចោទប្រកាន់លើឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ភេទប្រុស ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់២.៦៨ក្រាម ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ យោងតាមមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ។

ឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿងជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់២.៦៨ក្រាម ។

ក្រោយឃាត់ខ្លួនជនត្រូវចោទខាងលើ សមត្ថកិច្ចបានបញ្ជូនខ្លួនជនត្រូវឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ មកតុលាការនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ហើយនៅថ្ងៃទី ៣០កញ្ញា ចៅក្រម រស់ ពិសិដ្ឋ បានចេញដីកាសម្រេចឃុំខ្លួន រហូតដល់ថ្ងៃកាត់ទោស និងប្រកាសាលក្រមផ្ដន្ទាទោសនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post