header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានអះអាងថា គ.ជ.ប និងសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការចំពោះបុគ្គល ឬនីតិបុគ្គលណា ដែលអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត ដែលជាការរំលោភសិទ្ធិសេរីភាព ដែលមានចែងក្នុងច្បាប់ ដែលនឹងត្រូវពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល មិនគិតពីទោព្រហ្មទណ្ឌ ។

ការលើកឡើងរបស់ប្រធានគ.ជ.ប នេះ បន្ទាប់ពីអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានធ្វើការអំពាវនាវដល់ពលរដ្ឋកុំឲ្យទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។

លោក ស៊ិក ប៊ុនហុក បានឲ្យដឹងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា “ត្រង់មាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថាប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត។ អ្នកដែលហាមគេមិនឲ្យទៅបោះឆ្នោត គឺរំលោភសិទ្ធិរបស់គេ ដែលបានការពារដោយរដ្ឋធម្មនុញ្ញរួចហើយ ។ ក្នុងមាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ក៏បានចែងថា ពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្លួន ដូច្នេះដែលអំពាវនាវមិនឲ្យគេទៅបញ្ចេញមតិ គឺល្មើសសេរីភាពផងដែរ” ។

ក្រៅពីច្បាប់រដ្ឋធម្មនុញ្ញ លោកប្រធានគ.ជ.ប ក៏បានលើកឡើងថា ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រវិញ មាត្រា១៤២ ក៏បានចែងពីការផាកពិន័យដល់អ្នកដែលអំពាវនាវកុំឲ្យពរដ្ឋទៅបោះឆ្នោត ពី៥លានរៀល ទៅ២០លានរៀលដោយគ.ជ.ប ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌ ចំពោះជនណាដែលមានធម្យោបាយទុចរិត ក្នុងការរារាំងដល់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត ។

លោកប្រធានគ.ជ.ប ក៏បានលើកឡើងថា ការបញ្ចេញមតិអំពាវនាវកុំពលរដ្ឋទៅបោះឆ្នោត គឺជាការរារាំងដែលត្រូវទទួលទោសតាមច្បាប់ ទោះបីជាការអំពាវនាវតាមរូបភាពណាក៏ដោយ ។  លោក ស៊ិក ប៊ុនហុក បានគូសបញ្ជាក់ថា “ការមិនទៅបោះឆ្នោត គឺជាសិទ្ធិរបស់គាត់ ប៉ុន្តែអ្នកដែលអំពាវនាវ គឺជាការខុសច្បាប់ កុំច្រឡំខុសគ្នា! មួយយើងទៅអំពាវនាវគេឯក គេទៅ ឬមិនទៅជាសិទ្ធិរបស់គេ អ្នកអំពាវនាវ គឺខុស អ៊ុពិន័យអ្នកអំពាវនាវតាស! អ៊ុមិនពិន័យ អ្នកមិនទៅបោះឆ្នោតឯណា កុំយល់ច្រឡំ” ។

ជាមួយគ្នានោះដែរ លោកប្រធានគ.ជ.ប ក៏បានលើកឡើងថា ការធ្វើយុទ្ធនាការកុំឲ្យពលរដ្ឋទៅបោះឆ្នោត គឺខុសច្បាប់ ដូចជាការចេញសញ្ញាពាក្យស្លោក “ ថ្ងៃបោះឆ្នោត ដេកផ្ទះឈ្នះស្អាត ” និងការប្រើប្រាស់ពាក្យស្លោកមួយចំនួនទៀត ។

លោកប្រធានគ.ជ.ប ក៏បានព្រមានថា ប្រសិនបើបុគ្គណា ឬនីតិបុគ្គល ដែលធ្វើសកម្មភាព គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់ ។ គ.ជ.ប ក៏នឹងសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការចាត់វិធានការចំពោះបុគ្គល ឬនីតិបុគ្គលណា ដែលធ្វើការអំពាវនាវកុំពលរដ្ឋទៅបោះឆ្នោត ។

សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោយធ្លាប់ បានឲ្យដឹងថា អ្នកដែលរារាំងដល់ដំណើរការបោះឆ្នោត គឺមានកំហុស ដែលច្បាប់បានកំណត់យ៉ាងច្បាស់ ហើយអាចប្រឈមមុខជាមួយទោសទណ្ឌ ។

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក្រោយបញ្ចប់កិច្ចប្រជុំ ស្ដីពីលទ្ធផលការងារ និងការត្រៀមលក្ខណសម្បត្ដិ ដើម្បីការពារសុវត្ថិភាពដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “ អ្នកដែលរារាំង គឺមានកំហុស ដែលច្បាប់បានចែងច្បាស់ ដូច្នេះបើយើងឃើញការរារាំង ហើយមានភ័ស្ដុតាងជាក់ស្ដែង គឺមានទោសហើយដូច្នេះខ្ញុំយល់ថា សម្ដីនឹងហើយដែលជាការរារាំង ”។

សម្ដេច ស ខេង ក៏បានគូសបញ្ជាក់ថា មិនថាបុគ្គល ឬក្រុមណាដែលអំពាវនាវកុំឲ្យពលរដ្ឋទៅ បោះឆ្នោតនោះទេ តែអ្វីដែលចាំបាច់អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែពន្យល់ប្រជាពលរដ្ឋឲ្យបានច្បាស់អំពីសិទ្ធិដែលត្រូវទៅចូលរួមបោះឆ្នោត ។

សម្តេច ស ខេង ក៏បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែបង្ក្រាបរាល់សកម្មភាពទាំងឡាយណា ដែលរារាំងនិងចង់បំផ្លិចបំផ្លាញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅចុងខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post