header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ សុខសន្តិភាព និងការរីកចម្រើនដែលយើងទទួលបានមកដូចសព្វថ្ងៃនេះ គឺបានមកពីការចូលរួមរបស់អុំពូមីង ជាអតីយុទ្ធជន យោធិនពិការ យោធិនពលីយើងទាំងអស់ ដែលបានចូលរួមរំដោះប្រទេសជាតិ ដោយផ្ទាល់ចេញពីសង្គ្រាម។ ច្បាស់ណាស់យើងមិនចង់មានសង្គ្រាមទេ។ យើងធ្លាក់ទៅក្នុងសង្រ្គាម ដោយសារមេដឹកនាំយោបាយមួយ ដែលមានបរទេសនៅពីក្រោយបានទម្លាក់ប្រទេសយើងទៅក្នុងសង្គ្រាម ប៉ុន្តែយើងបានបំពេញភារកិច្ចក្នុងនាមជាយោធិនកងកម្លាំងគ្រប់ភាគីទាំងអស់ ដែលបានចូលរួមស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។

នេះជាខ្លឹមសារលើកឡើងរបស់កូនប្រុសច្បងសម្ដេចនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ក្នុងពេល​អញ្ជើញចូលរួមពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា មកពីស្រុកចំនួន០២ក្នុងខេត្តបាត់ដំបង ថ្ងៃសុក្រ ទី១៨ ឧសភា ២០១៨។

លោក ហ៊ុន ម៉ាណែត លើកឡើងទៀតថា​ ដោយសារតែបរទេសប្រទេសយើងបានធ្លាក់នៅក្នុងសង្គ្រាមស៊ីវិល បានធ្វើឱ្យថ្នាក់ដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន ក៏ដូចជា អុំ ពូ មីង អតីតយុទ្ធជន និងប្រជាពលរដ្ឋខ្មែរ គឺជាជនរងគ្រោះដោយសារសង្គ្រាម។ ប្រជាពលរដ្ឋ អុំពូមីងអតីតយុទ្ធជនបានធ្លាក់ខ្លួនពិការ ប៉ុន្តែ អុំ ពូ មីង និងយើងទាំងអស់គ្នានៅមានសំណាងដោយសារយើងនៅមានជីវិតរស់នៅជួបជុំគ្រួសារ បើប្រៀបធៀបជាមួយនឹងយោធិនដែលបានពលីជីវិតនៅលើមរភូមិក្នុងតំណាក់កាលសង្គ្រាមនិងប្រជាពលរដ្ឋរាប់លានដែលបានស្លាប់នៅក្នុងរបបប៉ុលពត។ នេះហើយគឺជារសជាតិសង្គ្រាមដែលយើងទាំងអស់គ្នាក្លាយជនរងគ្រោះដោយសារសង្គ្រាម។ យើងបានបញ្ចប់សង្គ្រាមនិងបានដឹកនាំកសាងប្រទេសជាតិឱ្យរីកចម្រើនឡើងវិញទើបតែជាង២០ឆ្នាំចុងក្រោយនេះទេ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលប្រែក្លាយទឹកដីដែលច្បាំងគ្នាមកជាតំបន់មានការអភិវឌ្ឍរីកចម្រើន មានសុខសន្តិភាពប្រជាជនមានជីភាពសម្បូរសប្បាយ។

លោកបន្ត​ថា ប្រទេសយើងរីកចម្រើនមកដល់សព្វថ្ងៃនេះ បានសុខសប្បាយ កសាងបានប៉ុណ្ណេះគឺដោយសារស្ថានភាពប្រទេសមានសុខសន្តិភាពនិង ការលះបង់ ពលីកម្មរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកទាំងអស់។ នេះហើយគឺជាគុណូបការៈដែលសម្តេចតេជោ ហ៊ុន សែន យល់ណាស់អំពីអតីយុទ្ធជន យោធិនពិការ ដែលសម្តេចតាំងពីដើមរៀងមក តែងតែអញ្ជើញចុះដល់សមរភូមិមុខតាមព្រំដែន ហើយលោកដឹងសុខទុក្ខណាស់របស់កងកម្លាំងប្រដាប់អាវុធ។

លោកបញ្ជាក់ថា គុណបការៈរបស់អុំ ពូ  មីង អតីតយុទ្ធជន យោធិនពលី ដែលលះបង់សាច់ស្រស់ឈាមស្រស់ ដែលជាអតីតយុទ្ធជននៅទីនេះនិងនៅទូទាំងប្រទេស ដើម្បីបុព្វហេតុជាតិមាតុភូមិ ដើម្បីឱ្យកូនចៅជំនាន់ក្រោយរស់នៅបានសុខសាន្ត  ដើម្បីឱ្យកូនចៅជំនាន់ក្រោយឈប់ឈ្លោះគ្នាក្នុងនាមខ្មែរនិងខ្មែរ។ ហេតុនេះហើយ សម្តេចតេជោ ហ៊ុន សែនក្នុងនាមជានាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានសមាគមអតីតយុទ្ធជន តែងតែជំរុញឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ ទាំងសមាគមនិងផ្នែកពាក់ព័្ធទាំងអស់យកចិត្តទុកដាក់ទៅលើការលើកស្ទួយជីវភាពរស់នៅ និងកិត្តិយស របស់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារពលីមរណៈទៅតាមគ្រប់ភាពដែលអាចធ្វើទៅបាន។ សូមអុំពូមីង ជឿទុកចិត្តចុះ សម្តេចមិនដែលបោះបង់ចោលអតីតយុទ្ធជននោះទេ នេះគឺជាការពិត ផ្ទុយពីការលើកឡើងថា រាដ្ឋាភិបាលមិនដែលបានយកចិត្តទុកដាក់អតីតយុទ្ធជន។ ការនិយាយបែបនេះគឺការនិយាយមិនពិត។ យើងទទួលស្គាល់ថាមានការខ្វះខាត ប៉ុន្តែយើងខិតខំដោះស្រាយណាស់។ ជាក់ស្តែងយើងបានបន្តយកចិត្តទុកដាក់បីបាច់ថែរក្សា ទាំងអតីតយុទ្ធជននិងអ្នកនៅក្នុងបន្ទុកមានចំនួនជាង២០ម៉ឺននាក់នៅទូទាំងប្រទេស។លើសពីនេះ ក៏នៅមានសកម្មភាពជាច្រើនទៀតរបស់សមាគមអតីតយុទ្ធជន ជួយទៅដល់ពូមីងអតីតយុទ្ធជនន រួមទាំងគោលនយោបាយរបស់រាជដ្ឋាភិបាល និងគោលរបបផ្សេងៗទៀត ដើម្បីជាការយកចិត្តទុកដាក់និងការដឹងគុណរបស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជនទៅតាមលទ្ធភាព។ ហើយគោលនបាយនេះមិនទាន់ចប់ទេគឺយើងនឹងខិតខំបន្តយកចិត្តទុកដាក់ជួយដល់អតីតយុទ្ធជនជាបន្តទៀត។

លោកថា គោលគំនិតសំខាន់ពីរ ដែលរារដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់អតីតយុទ្ធជនគឺ ជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន។ ទាក់ទងជីវភាពគឺរាជរដ្ឋាភិបាលបង្កើនប្រាក់សោត្សធននិវត្ត និងគោលរបបឧបត្ថម្ភគ្រួសារ ព្រមទាំងការឧត្ថម្ភផ្សេងៗ ការផ្តល់ដីសម្បទាន និងការទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ ការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលមានជីវភាពលំបាក។ លើសពីនេះ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនបានគៀងគរ សម្បុរសជន មហាជនដែលមានចិត្តជួយ ដែលការជួយនេះបានជួយដល់កត្តាពីរសំខាន់គឺជួយលើកស្ទួយកម្រិតជីវភាពរបស់អតីតយុទ្ធជន ប៉ុន្តែសំខាន់បំផុតនោះគឺកិត្តិយអតីតយុទ្ធជន តាមរយៈការបំផុសមហាជនឱ្យមានកាចូលរួម ការទទួលស្គាល់ និងការដឹងគុណចំពោះគុណូបការៈរបស់អតីតយុទ្ធជន  ដែលនេះគឺជាការបំផុសស្មារតី ផ្នត់គំនិត កូនខ្មែរ យុវជនខ្មៃរជំនាន់ក្រោយឱ្យដឹងគុណនិងចងចាំនៅក្នុងបេះដូងចំពោះគុណូបការៈរបស់អតីតយុទ្ធជន។ កត្តាទាំងពីរនេះ ទាំងជីវភាពនិងកិត្តិយសរបស់អតីតយុទ្ធជនគឺសំខាន់ណាស់ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់រួមទាំងគោលនយោបាយជាច្រើនទៀត។

ជាចុងក្រោយលោកជឿជាក់ថា ប្រជាពលរដ្ឋលើសលប់ហើយដែលលើកទឹកចិត្តនិងទុកចិត្តដល់អ្នកដែលធ្វើពិត ឃើញថាការខំប្រឹងពិតយ៉ាងណា ចុះជាប់ជាមួយប្រជាពលរដ្ឋ ដឹងសុខទុក្ខ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ទោះមិនបានគ្រប់ជ្រុងជ្រោយក៏ដោយ ក៏ល្អជាងអ្នកដែលមិនធ្វើអ្វីសោះដែរ។ ការលើកទឹកចិត្ត ការទុកចិត្ត និងការស្រលាញ់របស់អុំ ពូ មីង អាចបញ្ជាក់ពិតតាមរយៈការផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំដឹកនាំនិងបម្រើប្រជាពលរដ្ឋជាបន្តទៀត តាមរយៈការបោះឆ្នោត។ ដូច្នេះ សូមអញ្ជើញអុំ ពូ មីង អតីតយុទ្ធជនអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាទាំងអស់គ្នា ហើយជឿទុកចិត្តនិងបន្តគាំទ្រ សម្តេចតែជោ ហ៊ុន សែន ក្នុងការដឹកប្រទេសនិងបម្រើប្រជាជនជាបន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post