
ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា មានជនអគតិមួយចំនួនបានឲ្យពលរដ្ឋ ដែលមិនទៅចូលរួមបោះឆ្នោត ហើយដើម្បីលាក់បាំងថាខ្លួនបានទៅបោះឆ្នោតនោះ ឲ្យទៅជ្រលក់ដៃជាមួយទឹកថ្នាំលាបសក់ បើធ្វើដូច្នេះបានមែន មិនចាំបាច់អី្វត្រូវទៅទិញទឹកខ្មៅជ្រលក់ដៃ ពីប្រទេសឥណ្ឌាមកទេ នាំតែខាតលុយ ។
ការថ្លែងរបស់សម្តេច ស ខេង នេះ បន្ទាប់ពីមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានរកគ្រប់ មធ្យោបាយ ដើម្បីមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងនោះមានមនុស្សចំនួនបានឲ្យពលរដ្ឋគេចវេះ ពីការទៅបោះឲ្យទៅជ្រលក់ដៃជាមួយថ្នាំលាបសក់ ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី សាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេច ស ខេង បានលើកឡើងថា មានគេនិយាយថា បើមិនទៅបោះឆ្នោត គេមិនឃើញទឹកខ្មៅជ្រលក់ដៃឡើយ ដូច្នេះត្រូវយកទឹកថ្នាំលាបសក់ ជ្រលក់ជំនួសវិញ ។
សម្ដេច ស ខេង បានអះអាងថា “បើយកអាហ្នឹងទៅជ្រលក់បានដែរ (ទឹកថ្នាំលាបសក់) ចាំបាច់ ទិញទឹកមកពីឥណ្ឌាមកធ្វើអី? ទិញពីឥណ្ឌា ព្រោះនៅសកលលោកប្រទេសមួយចំនួន បោះ ហើយជ្រលក់ គឺទិញពីឥណ្ឌាមកទាំងអស់” ។
សម្ដេចបន្ដថា ទឹកថ្នាំជ្រលក់ដៃពីឥណ្ឌាមានពិសោធន៍យ៉ាងច្បាស់ ព្រោះបើពលរដ្ឋជ្រលក់ ហើយ បើមិនលាងចេញនោះទេ ជាង២ខែបានវាលុបចេញ៕
