
ភ្នំពេញៈ បុរសជាបុគ្គលិកផ្សារម៉ាក្រូម្នាក់ បានរងរបួសធ្ងន់ ក្រោយពីដាច់ធ្លាក់ដែកសំយ៉ាបសង្កត់ពីលើ កាលពីម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២៤ ឧសភានេះ ស្ថិតក្នុងផ្សារម៉ាក្រូ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុគ្គលិកផ្សារម៉ាក្រូ ដែលរងគ្រោះនោះ ត្រូវបានគេស្គាល់ ឈ្មោះ សុខ កាន ភេទប្រុស អាយុជាង៥០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។

បើតាមសម្ដីសន្តិសុខផ្សារម៉ាក្រូ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកុងតឺន័រមួយគ្រឿងចូលដាក់ទំនិញក្នុងផ្សារ តែមិនទាន់បានដាក់អីវ៉ានទេ ព្រោះឡានស្ទះនៅខាងមុខ ហើយរថយន្តនោះ ក៏បានបើកថយវិញ ខណៈដែលថយក្រោយ ស្រាប់តែប៉ះសំយ៉ាបផ្សារ បណ្ដាលឲ្យដាច់ធ្លាក់ដែកប្រវែង៥ម៉ែត្រ ត្រូវចំបុគ្គលិកផ្សារ (ជនរងគ្រោះ) រងរបួសធ្ងន់តែម្ដង៕



