
កំពង់ធំៈ ក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងខេត្តកំពង់ធំ កាលពីថ្ងៃពុធ ទី១៦ ឧសភា ម្សិលមិញលោក ហ៊ុន ម៉ាណែក បានមានប្រសាសន៍ថា ប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ ដើម្បីធានាបាននូវស្ថិរភាព សុខសន្តិភាព និងមានការអភិវឌ្ឍឆាប់រហ័ស គឺយើងត្រូវរើសរាជរដ្ឋាភិបាល និងមេដឹកនាំរាជរដ្ឋាភិបាលឱ្យបានច្បាស់លាស់។
លោក បានលើកឡើងទៀតថា និរន្តរភាពនៃសន្តិភាព ស្ថេរភាព និរន្តរភាពនៃការដឹកនាំនេះសំខាន់ណាស់ព្រោះនិរន្តរភាពទាំងនេះ នឹងធានាដល់និរន្តរភាពផ្សេងទៀត។ អ្វីដែលយើងមានសព្វថ្ងៃនេះ គឺជាមោទនភាព ប៉ុន្តែដែលសំខាន់ជាងនេះគឺបន្តនិរន្តរភាព រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមានធនធានមនុស្សដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពនិងមានគោលនយោបាយច្បាស់លាស់ សូមលោកគ្រូ អ្នកគ្រូ បន្តជឿទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ដឹកនាំ។

លោកថា លោកគ្រូ អ្នកគ្រូ គឺជាឪពុកម្តាយទី២ដែលចូលរួមបង្កើតចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ដើម្បីឱ្យមនុស្សម្នាក់ពេញលក្ខណៈ។ លោកគ្រូ អ្នកគ្រូ គឺជាសេដ្ឋីចិត្តបុណ្យនៃកេរ្តិ៍ឈ្មោះដែលមានទ្រព្យសម្បត្តិមហាសាលនោះគឺ ចំណេះដឹង សីលធម៌ គុណធម៌ ដែលទ្រព្យសម្បត្តិដ៏មានតម្លៃនេះលោកគ្រូ អ្នកគ្រូចែករំលែកទៅដល់សិស្សរាប់រយ រាប់ពាន់នាក់ឱ្យក្លាយជាមនុ្សដែលមានចំណេះដឹង សីលធម៌ គុណធម៌ដែលទ្រព្យសម្បត្តិ មិនមាននរណាអាចលួចឆក់ប្លន់បានទេ។ លោកគ្រូ អ្នកគ្រូ កសាងមនុស្សឱ្យមានចំណេះដឹង សីលធម៌ គុណធម៌ ខុសពីការបង្កើតទូរស័ព្ទមួយគ្រឿង ម៉ូតូមួយគ្រឿង រថយន្តមួយគ្រឿង យន្តហោះមួយគ្រឿង ព្រោះថាទាំងអស់នេះអាចប្រើប្រើប្រាស់តែក្នុងកម្រិតមួយដែលគេបង្កើតទេ មិនអាចបង្កើតមនុស្សឱ្យចេះដឹងបន្ថែមបានទេ ប៉ុន្តែមនុស្សមានខួរក្បាល បទពិសោធន៍ និងទស្សនៈកាន់រីកចម្រើនបន្ថែម នេះហើយដែលទ្រព្យសម្បត្តិលោកគ្រូ អ្នកគ្រូបង្កើតសេដ្ឋីចំណេះដឹង សីលធម៌ គុណធម៌បន្ថែមទៀត។

លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា វិស័យអប់រំនេះ ហើយបានធ្វើឱ្យប្រទេសមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ ហើយនេះជាមូលដ្ឋានរឹងមាំហើយ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ទៅលើការងារនេះជាអាទិភាពរបស់រាជរដ្ឋាភិបាល។ជាក់ស្តែងការចំណាយរបស់រាជរដ្ឋាភិបាលខ្ពស់លើវិស័យអប់រំបើប្រៀបធៀបនឹងវិស័យផ្សេងៗ ដែល៨០%នៃថវិកាជាតិអនុម៍តដោយសភា ផ្តោតសំខាន់លើយកចិត្តទុកដាក់លើជីវភាពរបស់លោកគ្រូ អ្នកគ្រូតាមរយៈការតម្លើងប្រាក់បៀវត្សលោកគ្រូ អ្នកគ្រូ ការបណ្តុះបណ្តាលសមត្ថភាព និងបង្កើនលទ្ធភាពលោកគ្រូ អ្នកគ្រូ ក្នុងការចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ។ នេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងជាមោទនភាពរបស់វិស័យអប់រំរបស់យើង៕






