ស្វាយរៀងៈ បុរសម្នាក់ ជិះម៉ូតូមកចាក់សាំង១ពេញរេសាវ័រ គោលបំណងទៅលេងស្រុកកំណើត បែរជាជួបរឿងអកុសល គ្រាន់តែបញ្ឆេះម៉ូតូ ក៏មានភ្លើងឆាបឆេះចេញពីខាងក្រោយកែប បណ្ដាលឲ្យឆេះខ្ទេចទាំងស្រុង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងមុខការ៉ាស់សាំងមួយកន្លែង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសប្តីម្ចាស់ការ៉ាស់សាំង បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ មិនស្គាល់ឈ្មោះបានជិះម៉ូតូ១គ្រឿង ម៉ាកក្លីច មកចាក់សាំងនៅការ៉ាស់របស់គាត់ ចំនួន១ពេញរេសាវ័រ ក្រោយចាក់សាំងរួច ម្ចាស់ម៉ូតូក៏បានបញ្ឆេះម៉ូតូចេញគោលដៅ គឺទៅលេងផ្ទះនៅស្រុកកោះធំ ខេត្តកណ្តាល តែគួរឲ្យសោកស្តាយនៅពេលដែលបញ្ឆេះម៉ូតូ ស្រាប់តែមានភ្លើងឆេះចេញពីខាងក្រោមកែប ធ្វើឲ្យម្ចាស់មូតូភ័យពេករត់ចោលម៉ូតូ នៅពេលនោះម្ចាស់ការរ៉ាស់សាំងឃើញក៏បានទៅរួញម៉ូតូចេញពីការរ៉ាស់ ព្រោះខ្លាចឆ្លងឆេះការរ៉ាស់សាំងរបស់គាត់ ទៅជិតថ្នល់បណ្តាលឆេះខ្ទេចសល់តែឆ្អឹងម៉ូតូទទេ។ ករណីនេះ មិបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕