header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ពានដែកបាឡេ ដែលអភិបាលក្រុងភ្នំពេញ ទើបតែសម្ពោទដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃអង្គារ ថ្ងៃទី៨ ខែឧសភានេះនោះ ស្រាប់តែនៅវេលាយប់ថ្ងៃដដែលនេះ ត្រូវបានជនសង្ស័យមួយក្រុមមានគ្នាជាង២០ទូក បានធ្វើសកម្មភាពលួចកាត់ដែកក្រោមស្ពាន ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ និងទូកចំនួន៣គ្រឿង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨។ ការឃាត់ខ្លួនជនសង្ស័យទាំងនេះ ក្រោយពីក្រុមសន្តិសុខយាមនៅគល់ស្ពាន ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ហើយរាយការណ៍ទៅកម្លាំងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៤ ដែលត្រូវបានឃាត់ខ្លួននោះ រួមមាន ទី១ឈ្មោះ មោះ ម៉ូត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅលើទូក, ទី២ឈ្មោះ ម៉ាត់ គ្រីយ៉ា ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ៥៦ឆ្នាំ មុខរបរនេសាទត្រី ស្នាក់នៅលើទូក មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ទី៣​ឈ្មោះ ទី ស្មាន់កោះ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅលើទូក និងជនសង្ស័យទី៤ មានឈ្មោះ ទៀត អាតុ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រុមសន្តិសុខ ដែលយាមនៅគល់ស្ពាន ប្រាប់ភ្នាក់ងារសារព័ត៌មាន Cam Post ឲ្យដឹងថា ទូកដែលមកធ្វើសកម្មភាពលួចកាត់ដែកក្រោមស្ពាន គឺមានរហូត២០ទៅ៣០ទូកឯណោះ ប៉ុន្តែសមត្ថកិច្ចឃាត់បានភ្លាមៗតែមួយទូកប៉ុណ្ណោះ និងមានដែកកាត់រួចនៅក្នុងទូកមួយចំនួន។ ចំណែកទូកផ្សេងទៀត បានគេចខ្លួនបាត់អស់ហើយ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនៅតែបន្តតាមរកនៅតាមមាត់ច្រាំងទន្លេ រហូតមកដល់មុខវត្តចាស់ ទើបឃើញទូកពីរគ្រឿង ដែលមានជនសង្ស័យ៤នាក់។ ដោយមានសង្ស័យ ទើបឃាត់សួរនាំ និងឆែកឆេរឃើញម៉ាស៊ីនកាត់ដែក និងដែកមួយចំនួន ដែលជនសង្ស័យបោះទម្លាក់ចូលក្នុងទឹកនៅក្បែរនោះ ហើយក៏នាំខ្លួនពួកគេយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីចាត់តាមនីតិវិធីច្បាប់។

គួរជម្រាបថា ស្ពានបាឡេថ្មី ឆ្លងកាត់ទន្លេសាប ពីចំណុចឃ្លាំងស្តុកប្រេងសូគីមិច ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ ឆ្ពោះទៅកាន់តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ទើបតែដាក់សម្ពោធឲ្យប្រើសប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃអង្គារ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ។

ស្ពានបាឡេថ្មីនេះ មានទទឹង១២ម៉ែត្រ និងបណ្ដោយ៥០០ម៉ែត្រ បានចំណាយថវិកាសាងសង់ចំនួន៩លានដុល្លារ។ ស្ពាននេះ មានតួនាទីសំខាន់ក្នុងការរួមចំណែករំដោះចរាចរណ៍លើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ។ ចំពោះការធ្វើដំណើរការឆ្លងកាត់ រថយន្តមានទម្ងន់លើសពី១៥តោន និងមានកម្ពស់លើស២.៨ម៉ែត្រ មិនអនុញ្ញាតឲ្យឆ្លងកាត់ឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post