
ភ្នំពេញៈ ចោរឆក់២នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីកម្លាំងល្បាតមូលដ្ឋានរាជអាវុធហត្ថខណ្ឌដូនពេញ ធ្វើការបង្រ្កាប និងឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៥១ កែងផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ ធឹម បូរ៉ាណ ហៅបារាំង ភេទប្រុស អាយុ១៨ឆ្នាំ និងទី២.ឈ្មោះ សុខ វណ្ណៈច័ន្ទភារុន ភេទប្រុស អាយុ១៨ឆ្នាំ។

ប្រភព័ត៌បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ រួមជារួមបក្ខពួក២នាក់ទៀត ឈ្មោះ ស្កាយ និងឈ្មោះ រ៉ុង បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះ ឈ្មោះ អែល សំណាង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៤ និង៣០នាទី ខណៈដែលជនរងគ្រោះកំពុងដើរហាត់ប្រាណនៅចំណុចកើតហេតុខាងលើ ធ្វើឲ្យភ្ញាក់ផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញធ្វើការប្រដេញ និងឃាត់ខ្លួនបាន២នាក់ រួមជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-5480 និងដកហូត កាបូបស្ពាយមួយមានទូរស័ព្ទចំនួន៣គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ។ ចំណែកជនសង្ស័យ២នាក់ទៀត កំពុងរត់គេចខ្លួន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទាសតាមនីតិវិធី។ ចំណែកឯជនសង្ស័យ២នាក់ទៀត ឈ្មោះ ស្កាយ និងឈ្មោះ រ៉ុង សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្ត៕


