Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

តាកែវ៖ មហាជនគ្រប់មជ្ឈដ្ឋាន បានសារទរយ៉ាងខ្លាំង ចំពោះចំណាត់ការ របស់ មន្រ្តីជំនាញ សហការណ៍យ៉ាងល្អជាមួយអាជ្ញាធរស្រុកបាទី បានចុះទៅបិទបានទាំងស្រុង នូវទីតាំងផលិតស្ករត្នោតក្លែងក្លាយ និងជារឿងចាស់យូរមកហើយនោះ ហើយដែលមាន ទីតាំងផលិតសរុបចំនួន ៤៣ទីតាំង នៅឃុំកុមារាជា ឃុំលំពង់ និងឃុំត្រពាំងសាប ក្នុងស្រុកបាទី ។

បើតាមការឲ្យដឹងពីលោក សោ រដ្ឋា មន្រ្តីជំនាញនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តតាកែវ បានថ្លែងឲ្យដឹងថា ដោយយោងទៅតាមសារាចរណ៍របស់ក្រសួងឧស្សាហកម្ម ដែលចុះហត្ថលេខាដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ ដែលបានសម្រេច ឲ្យបិទនៅទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ កុំឲ្យមានការផលិតយកទៅលក់លើទីផ្សារ ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយទីតាំងផលិតស្ករត្នោតក្លែងក្លាយ នៅស្រុកបាទីនេះ មន្រ្តីជំនាញរបស់មន្ទីរឧស្សាហកម្ម បានចុះមកត្រួតពិនិត្យឃើញថា ពុំមានលក្ខណៈបច្ចេកទេសល្អត្រឹមត្រូវ ក្នុងការផលិត គ្មានអនាម័យ និងគ្មានច្បាប់អនុញ្ញាត ត្រឹមត្រូវពីមន្ទីរផងដែរ ទើបថ្ងៃនេះក្រុមការងារចម្រុះ បានចុះមកបិទទីតាំង ទាំងអស់ ចោលតែម្តង ព្រមទាំងធ្វើការដកហូតនូវសំភារៈសម្រាប់បម្រើឲ្យការផលិតនេះផងដែរ ។

លោកប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងឲ្យដឹងដែរថា ការផលិតស្ករត្នោតក្លែងក្លាយ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកបាទីនេះ វាជា ករណីមួយដែលនឹងធ្វើឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋយ៉ាងខ្លាំងព្រោះផិលតគ្មាន អនាម័យ គ្មានបច្ចេកទេសត្រឹមត្រូវ ម្យ៉ាងទៀតពួកគាត់ មិនបានយកវត្ថុធាតុដើមទឹកត្នោត យកមកកផលិតនោះទេ គឺគ្រាន់តែយកស្ករស ប្រេងឆា ទឹកមិនស្អាត នឹងមានម៉ូនីទ័រ សម្រាប់កូរស្ករទាំងនោះ កែច្នៃចេញជាស្ករត្នោត ។ ដូច្នោះបញ្ហាទាំងអស់ ដើម្បីលុបបំបាត់ កុំឲ្យកើតមានឡើង ពិសេសមិនឲ្យមានការធ្វើចរាចរណ៍ដែលនាំឲ្យប៉ះពាល់សុខភាពនោះ យើងមានតែចុះបិទទីតាំង និងធ្វើការដកហូតសម្ភារៈនេះតែម្តង ។

លោក ភួន ឈីម អភិបាលស្រុកបាទី ដែលបានដឹកនាំកម្លាំងចម្រុះរបស់ស្រុក បានមានប្រសាសន៍ឲ្យដឹងដែរថា ថ្ងៃនេះអាជ្ញាធរស្រុកបាទី បានសហការគ្នាជាមួយ​នឹងមន្រ្តីជំនាញកាំកុងត្រូល និងមន្ទីរឧស្សាហកម្មខេត្ត បានចុះមកបិទទីតាំងនេះចោល​តែម្តង ហើយនេះជាលើកទី៤ និងជាលើកចុងក្រោយផងដែរ ហើយនឹងមិនឲ្យកើត មានឡើងសារជាថ្មីម្តងទៀតនោះទេ ចំពោះការផលិតនូវស្ករត្នោត ក្លែងក្លាយដែល កែច្នៃ ពីស្ករសនេះ ។

បើតាមលោកអភិបាលស្រុក ភួន ឈីម នឹងបន្តធ្វើការឃ្លាំមើលចំពោះទីតាំង ផលិតស្ករត្នោតក្លែងក្លាយនេះ ហើយបើសិនជាម្ចាស់ទីតាំងណានៅតែបន្តលួចផលិត យើងនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ តែម្តង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor