
កំពតៈ បុរសម្នាក់ ត្រូវសមត្ថកិច្ចខេត្តកំពត ធ្វើការឃាត់ខ្លួន តាមដីការបស់តុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦។ ការឃាត់ខ្លួនបុរសរូបនេះ ធ្វើឡើងកាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃព្រហស្បតិ៍៤រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។

សមត្ថកិច្ចឲ្យដឹងថា កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយអាវុធហត្ថក្រុងកំពត បានធ្វើការឃាត់ខ្លួនឈ្មោះ អ៊ឹង សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអាជីវករ នៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លេខ០៥ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ របស់លោក ឡុង កេសភារម្យ ចៅក្រមជំនុំជំរះ និងជាប្រធានសាលាដំបូងខេត្តកំពត ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅខេត្តកំពត កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦។
បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបានឃាត់ខ្លួននៅមន្ទីរយុត្តិធម៌ អ.ហ ខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី៕

