
ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់ក្នុងអំពើហិង្សាវាយតប់គ្នាមួ ដែលផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ ហើយទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ស្ថិតនៅត្រង់ចំនុចមុខផ្ទះលេខ៣៨ ក្រុម២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១យប់ ថ្ងៃពុធ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។
ជនរងគ្រោះឈ្មោះ ស្រ៊ុន វិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់ផ្ទះជួលក្រុម២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយឡែក ជនសង្ស័យឈ្មោះ ម៉េង ភារៈ ហៅ អាវ៉ូច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកមជ្ឈមណ្ឌលម៉ូឌែន២ មានទីលំនៅផ្ទះ៨B ក្រុម២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម (អ្នកទាំង២ ធ្លាប់ស្គាល់គ្នា) ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ។ ជនសង្ស័យក៏មានជាប់សារធាតុញៀនផងដែរ។

តាមការរៀបរាប់របស់បុរសជាបងថ្លៃឈ្មោះ សម គុយ អាយុ៤៣ឆ្នាំ រៀបរាប់ថា កាលពីយប់ថ្ងៃកើតហេតុ វេលាម៉ោង៩នោះ ខ្លួន និងប្អូនប្រុស ដែលជាជនរងគ្រោះ បានហូបចុកជាមួយគ្នានៅផ្ទះ។ លុះអស់សាច់ក្លែម ពួកគេទាំង២នាក់ បាននាំគ្នាជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា បំណងទៅទិញសាច់ក្លែមយកមកផឹកបន្ត ប៉ុន្តែមិនទាន់ធ្វើដំណើរដល់ផង ក៏ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍បើកបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក ឃ្លីក ដែលជិះធ្វើដំណើរដោយបុរស២នាក់ផ្សេងទៀត។ ពេលនោះ ក៏កើតមានពាក្យសម្តីគ្នា រហូតភាគីខាងម៉ូតូ ឃ្លី កបានទំនាក់ទំនងហៅគ្នីគ្នាមកយ៉ាងច្រើន បំណងបង្កជម្លោះ ប៉ុន្តែពេលបក្ខពួកមកដល់ទីតាំងកើតហេតុ បានឃើញភាគីខាងម៉ូតូ វីវ៉ា សុទ្ធតែជាមនុស្សធ្លាប់ស្គាល់គ្នា ដូច្នេះហើយសម្រេចចរចាបញ្ចប់ទំនាស់ដោយសម្តីតិចតួច។

ភាគីខាងម្ចាស់ម៉ូតូ ឃ្លីក ដែលជាអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ មិនបាននៅកន្លែងកើតហេតុទៀតឡើយ ដោយបានលើកម៉ូតូចាកចេញទៅបាត់ នៅឡើយតែជនសង្ស័យម្នាក់ ឈ្មោះ ម៉េង ភារះ ហៅ វ៉ូច នៅបង្កជម្លោះពាក្យសម្តីយ៉ាងខ្លាំងក្លានៅកន្លែងកើតហេតុ ជាមួយភាគីម៉ូតូ វីវ៉ា ទាំងខ្លួនមិនមែនជាម្ចាស់ដើមចម នៃការកើតឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងនោះ។
បើទោះបីជាកើតមានជម្លោះខ្លាំងយ៉ាងណាក៏ដោយ ក៏ភាគីទាំងអស់បានបញ្ចប់គ្នា ហើយចាកចេញទៅផ្ទះរៀងៗខ្លួន។ លុះពេលជនរងគ្រោះ ដែលជាភាគីខាងម៉ូតូ វីវ៉ា ធ្វើដំណើរទៅដល់មុខផ្ទះបុរសជាបងថ្លៃបានជិះម៉ូតូចូលផ្ទះ ហើយបុរសជាប្អូនថ្លៃបានដើរសំដៅទៅបន្ទប់ជួល ដែលនៅទល់មុខគ្នានឹងបងប្រុស។ ភ្លាមនោះ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះ វ៉ូច និងបក្ខពួកជាច្រើននាក់ បានមកវាយជនរងគ្រោះជាប្អូនថ្លៃ ហើយរត់គេចយ៉ាងលឿនតែម្តង។ ឃើញហេតុការណ៍ដូចនេះ បុរសជាបងបានរត់ទៅមើលប្អូនយ៉ាងលឿន តែទៅដល់ប្អូនត្រូវសន្លប់បាត់បង់ស្មារតីឈឹង។

បុរសជាបងថ្លៃ បន្តថា តាំងពីពេលកើតហេតុ រហូតដល់ម៉ោង៦ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ ប្អូនថ្លៃមិនព្រមដឹងខ្លួនសោះ ទើបក្រុមគ្រួសារយកទៅពិនិត្យនៅមន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យមិនប៉ុន្មានផង ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង ទើបផ្អើលឆោឡោ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលជាក់ស្តែងតែម្តង។
ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យកោសល្យវិច័យសាកសពរួចរាល់ហើយ ក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕









