Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ ប្រជាពលរដ្ឋជាង២០នាក់ តំណាងឲ្យ៣០គ្រួសារ មកពីភូមិកូឡា និង ភូមិបឹងប្រសាក់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយអគ្គិសនីកម្ពុជា​  នៅវេលាម៉ោង៨៖២០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ បាននាំមកប្រមូលផ្ដុំគ្នា នៅមុខអគ្គិសនីកម្ពុជា​ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការមកប្រមូលផ្ដុំគ្នានេះ គោលបំណងយក​ញត្តិមកដាក់​នៅ​អគ្គីសនី ដើម្បី​ស្នើសុំឲ្យ​ជួយអន្តរាគមន៍ ទៅលើផលប៉ះពាល់ ដោយសារគម្រោងសាងសង់របស់ក្រុមហ៊ុនអគ្គិសនី បានបោះបង្គោល និងអូសខ្សែភ្លើងតង់ស្យុង២៣០គីឡុវ៉ុលកាត់តាមលំនៅដ្ឋាន និងដីកសិកម្មរបស់ពួកគាត់ចំនួន៣០គ្រួសារ។

គិតត្រឹមម៉ោង៩៖១៥នាទី តំណាង​អគ្គិ​សនីកម្ពុជា បានអនុញ្ញាតឲ្យតំណាងពលរដ្ឋ៤នាក់ ចូលពិភាក្សាគ្នា។

គួររំលឹកថា ប្រជាពលរដ្ឋរងគ្រោះដីធ្លីមកពីខេត្តកំពង់ចាម ប្រហែល២០នាក់ តំណាងឲ្យ​៣៧គ្រួសារ នៅភូមិកូឡា  និង​ភូមិបឹងប្រសាក់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅម៉ោង១រសៀលថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ​ បានមកប្រមូលផ្ដុំគ្នា នៅមុខ​ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បី​ឲ្យ​ក្រសួងជួយពន្លឿនដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនអគ្គិសនីកម្ពុជា ដែលអូសបណ្ដាយ​អស់រយៈពេល២ឆ្នាំហើយ មិនទាន់បានដោះស្រាយនៅឡើយ។

ជាងមួយម៉ោងក្រោយ ពោលគឺនៅ​ម៉ោង២៖២០នាទី តំណាងក្រសួងរៀបចំដែនដីលោក សុខ យស បាន​អនុញ្ញាតឲ្យ​តំណាងពលរដ្ឋចំនួន៥នាក់ (ប្រុស២នាក់) ចូលជួបដាក់ញត្តិ។ ហើយនៅម៉ោង២៖៥៥នាទី តំណាងប្រជាពលរដ្ឋចេញវិញ ដោយប្រាប់ថា ក្រសួងបាន​បញ្ជូនឯកសារទៅលោក​រដ្ឋមន្ត្រី ហើយនឹង​បញ្ជូនបន្តទៅអភិបាលខេត្តកំពង់ចាម។

នៅ​វេលាម៉ោង៣៖១០នាទីរសៀលថ្ងៃដដែលនោះ ប្រជាពលរដ្ឋបាន​រំសាយពីក្រសួងរៀបចំដែនដី ហើយ​បន្តទៅខុទ្ទការល័យសម្តេចតេជោមុខវត្តបុទុម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor