
កំពតៈ ស្របពេលដែលបក្សប្រឆាំងកាន់តែគឃ្លើន និងបានអំពាវនាវឲ្យពលរដ្ឋកម្ពុជាកុំទៅបោះឆ្នោតជ្រើសរើសមេដឹកនាំនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្រ្តី បានអំពាវនាវ សុំឲ្យពលខ្មែរគ្រប់រូបត្រូវទៅបោះឆ្នោត ដើម្បីបំពេញតួនាទីជាពលរដ្ឋផង និងដើម្បីប្រើសិទ្ធិពលរដ្ឋកំណត់មេដឹកនាំរបស់ខ្លួន ដែលគិតថា មេដឹកនាំល្អ មានគុណធម៌ សីលធម៌ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត មានសមត្ថភាពអាចរកសន្តិភាព និងការអភិវឌ្ឍជូនប្រទេស។ លោក ក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ កុំជឿការញុះញង់ និងកុំចូលរួមចលនាណាមួយ ដែលប៉ះពាល់ ឬបំផ្លាញសន្តិភាព។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាធម្មសភា និងសមិទ្ធផលនានា វត្តអង្គស្វាយ ស្ថិតក្នុងឃុំ អង្គមានជ័យ ស្រុកឈូក ខេត្តកំពត ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ប្រទេសយើងកាលពីជាង៤០ឆ្នាំមុន បានឆ្នងកាត់ការលំបាកដោយសារសង្គ្រាមរ៉ាំរ៉ៃដល់កម្រិតណា ជីវភាពប្រជាពលរដ្ឋក្រខ្វះខាត ប្រទេសគ្មានការអភិវឌ្ឍដូចបច្ចុប្បន្នទេ។ ដូច្នេះក្នុងនាមជាពលរដ្ឋល្អរបស់កម្ពុជា យើងត្រូវចូលរួមថែរក្សាសមិទ្ធផលនានា ថែរក្សា ការពារ នូវសន្តិភាពឱ្យបានគង់វង្ស និងប្រឆាំងដាច់ខាត គ្រប់ចលនាណាមួយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅក្នុង ប្រទេសកម្ពុជាយើង។

លោក ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកផងដែរថា សន្តិភាពនេះ គឺបានមក ដោយការលំបាកខ្លាំងណាស់ ហើយក៏មានបងប្អូនកូនចៅ ប្រជាពលរដ្ឋមួយចំនួន បានលះបង់ សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ជាពិសេសវីរជនស្នេហាជាតិនៃយើង គ្រប់សម័យកាលរហូតមកដល់សព្វថ្ងៃនេះ។ អ្វីដែលបានសុខសន្តិភាពស្ថេរភាពប៉ុណ្ណេះ គឺដោយសារការចូលរួមរបស់ប្រជាពលរដ្ឋគាំទ្ររាជរដ្ឋាភិបាលកម្ពុជា គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាប្រមុខដឹកនាំប្រទេសជាតិ។

លោកបានបញ្ជាក់ថា ការគាំទ្ររាជរដ្ឋាភិបាល ការគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការគាំទ្រ សន្តិភាព គាំទ្រការអភិវឌ្ឍ គាំទ្រភាពសុខដុមរម្យនា ការជួបជុំក្នុងស្មាមញញឹម ពិសេសគាំទ្រឲ្យប្រទេសបន្តរីកចម្រើនអាចប្រកួតប្រជែង និងបណ្តាប្រទេសនានានៅលើពិភពលោក។

ឆ្លៀតក្នុងឱកាសដ៏អធឹកអធមនោះដែរ លោកក៏បានលើកឡើង អំពីមេដឹកនាំអតីតបក្សប្រឆាំងដែលត្រូវបានរំលាយ ដោយសារទង្វើមិនគោរពច្បាប់រដ្ឋធម្មនុញ្ញ ហើយឲ្យបរទេសមកជួយនិងលូកដៃក្នុងរឿងនយោបាយដឹកនាំប្រទេសកម្ពុជាកន្លងមក។ លោកបន្តដែរថា នៅបាំងតែពីរខែទៀតប៉ុណ្ណោះ ការបោះឆ្នោតថ្នាក់ជាតិ និងត្រូវបានរៀបចំឡើង ហើយពេលជិតបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រម្តងៗ បក្សប្រឆាំងតែងតែប្រើគ្រប់ល្បិចកល និងវិធីសាស្ត្រ ដើម្បីទាក់ទាញយកសំឡេងឆ្នោត។ មធ្យោបាយបក្សប្រឆាំងប្រើ ដែលត្រូវបានអះអាងថា ដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យនោះ ស្ទើរតែទាំងអស់ គឺផ្ទុយពីគោលការណ៍ច្បាប់នៃលទ្ធិប្រជាធិបតេយ្យ ជាអាទិ៍ មានដូចជា ការប្រមូលផ្តុំធ្វើបាតុកម្ម ការបង្កើតចលនា ការបះបោរ ការចង់ផ្លាស់ប្តូរ និងផ្តួលរំលំរដ្ឋាភិបាលស្រប់ច្បាប់ ដោយការធ្វើបដិវត្តពណ៌ជាដើម ដែលទង្វើទាំងអស់នេះសុទ្ធតែខុសច្បាប់។ ពួកគេបាននឹងកំពុងយកជីវិត និងអនាគតប្រជាពលរដ្ឋរាប់លាននាក់ ធ្វើជាចំណាប់ខ្មាំង ដើម្បីជាថ្នូរទៅនឹងតំណែង កៅអីអំណាច សម្រាប់ក្រុមបក្ខពួកគ្នាគេតែប៉ុន្មាននាក់។ សម្រាប់ឆ្នាំនេះ ល្បិកដែលគួរឲ្យអស់សំណើចមួយរបស់អតីតមេដឹកនាំបក្សប្រឆ្នាំង លោកសម រង្ស៊ី បានប្រើយុទ្ធសាស្ត្រ(ស៊ីលាក់)ថ្មី ថា បើពលរដ្ឋណាមិនទៅបោះឆ្នោត គឺគាំទ្របក្សប្រឆាំង ហើយខំប្រឹកអំពាវនាវខ្វើយៗ កុំឲ្យពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនទៅបោះឆ្នោត ជ្រើសរើសមេដឹកនាំ បានន័យថា លោក សម រង្ស៊ី កំពុងបំបិទសិទ្ធិរបស់ពលរដ្ឋទៅហើយ តើត្រូវជ្រើសរើសមេដឹកនាំបែបនេះឲ្យមកកាច់ចង្កូតនាវាកម្ពុជាបានដែរឬយ៉ាងណា៕







