
កោះកុងៈ យុវជនជាឃាតករ ដែលបានចាក់សម្លាប់យុវជនម្នាក់ ខណៈជនរងគ្រោះដើរទៅទិញនំ កាលពីថ្ងៃមុន ពេលនេះ សមត្ថកិច្ចចាប់បានហើយ។
កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នួន សុខណា ភេទប្រុស អាយុ១៥ឆ្នាំ នៅថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១ និង៣០នាទីរសៀល នៅចំណុចភូមិតាចាត ឃុំទទួលគគីរ ស្រុកមណ្ឌលសីមា ដែលជននេះ បានប្រព្រឹត្តអំពើឃាតកម្មចាក់សម្លាប់យុវជនម្នាក់ឈ្មោះ ចាន់ ហាក់ កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

គួរំលឹកថា កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ត្រង់ចំណុចភូមិ៤ ស្ថិតក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីឃាតកម្មមួយបានកើតឡើង បណ្តាលឲ្យយុវជនម្នាក់ស្លាប់ ខណៈដឹកបញ្ជូនទៅមន្ទីរពេទ្យ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ ហាក់ ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

សមត្ថកិច្ចបន្តថា ដំបូងឡើយ ក្មេងរងគ្រោះ និងមិត្តភ័ក្ដ២-៣នាក់ទៀត បាននាំគ្នាដើរទៅទិញនំនៅក្បែរផ្ទះមុខសញ្ញា (ជនដៃដល់) ហើយក៏ត្រូវមុខសញ្ញាចេញមកចាក់បណ្ដាលឲ្យរងរបួស។ ភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល្យ យុវជនរងគ្រោះបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
