Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អាជ្ញាធរខណ្ឌព្រែកព្នៅ ដឹកនាំមន្រ្តីជំនាញ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងហាមឃាត់ចំពោះរថយន្តទាំងឡាយណា ដែលមានការកែច្នៃខុសបច្ចេកទេស កាលពីយប់ថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រែកព្នៅ ក្នុងនោះអាជ្ញាធរខណ្ឌព្រែកព្នៅ បានឃាត់យករថយន្តដឹកសំពីងសំពោងលើសចំណុះចំនួន៦គ្រឿង យកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីធ្វើការណែនាំ និងដោះស្រាយ ។

ក្នុងការចុះត្រួតពិនិត្យនេះ ដឹកនាំដោយ លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យរថយន្តធន់ធ្ងន់តទ្រុងខុសបច្ចេកទេស និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីវេលាម៉ោង៨៖៣០នាទីយប់ ដល់ម៉ោង១០៖០០នាទីយប់។ កម្លាំងចូលរួមសរុប ចំនួន៥៣នាក់ កម្លាំងPLសង្កាត់-ខណ្ឌ ចំនួន ១៥នាក់ កម្លាំងPMខណ្ឌ ចំនួន១៥នាក់ មន្ត្រីសាលាខណ្ឌ ចំនួន៨នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ ចំនួន១៥នាក់ ។

ជាលទ្ធផល ត្រួតពិនិត្យរថយន្តឆ្លងកាត់ ចំនួន២៧គ្រឿង បាននាំយករថយន្តដឹកសំពីងសំពោងលើសចំណុះ ចំនួន៦គ្រឿង យកទៅរក្សាទុកទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីធ្វើការណែនាំ និងដោះស្រាយ និងពុំមានរថយន្តតទ្រុងខុសបច្ចេកទេសឆ្លងកាត់ឡើយ។ ត្រួតពិនិត្យរថយន្តតូចឆ្លងកាត់ចំនួន២២គ្រឿង ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន៣៥គ្រឿង ត្រួតពិនិត្យអាវុធជាតិផ្ទុះឆ្លងកាត់គ្មាន ត្រួតពិនិត្យសារជាតិញៀនឆ្លងកាត់ ។

លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងក្នុងពេលចុះត្រួតពិនិត្យនោះថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយ មន្រ្តី មន្ទីរសាធារណៈការ បានចុះត្រួតពិនិត្យជាប្រចាំនៅតាមគោលដៅមួយចំនួន ដែលបានកំណត់ជាក់ស្តែង នៅថ្ងៃទី៤ ឧសភានេះ យើងបានដាក់ត្រួតពិត្យនៅគោលដៅចំណុចគល់ស្ពានព្រែកព្នៅ ហើយឃាត់យករថយន្តដឹកសំពីងសំពោងលើសចំណុះ ចំនួន៦គ្រឿង យកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដើម្បីធ្វើការណែនាំ និងដោះស្រាយ ។

លោក អះអាងថា គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ នឹងបន្តអនុវត្តដាក់កម្លាំងហាមឃាត់មិនឲ្យរថយន្តដឹកសំពីងសំពោង រថយន្តដឹកទំនិញធន់ធំ ចូលក្នុងក្រុងនោះឡើយ គឺត្រូវបញ្ជៀសចេញទៅខាងក្រៅក្រុងតាមផ្លូវជាយក្រុងមួយចំនួន ដូចជាទៅតាមផ្លូវទំនប់កប់ស្រូវជាដើម ជាពិសេស គឺឆែកអាវុធជាតិផ្ទុះ និងគ្រឿងញៀន បទល្មើសគ្រប់ប្រភេទ ធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor