Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ កំពតជាខេត្តជាប់មាត់សមុទ្រមួយ នៅក្នុងចំណោមខេត្តចំនួន៤ នៃព្រះរាជាណាចក្រកម្ពុជា ហើយខេត្តមួយនេះ មានអំណោយផលល្អពីធម្មជាតិ និងមានសក្តានុពលខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម និងជាពិសេសវិស័យទេសចរណ៍។ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកំពុងតែបានយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យកម្ពុជាមានកំណើនភ្ញៀវទេសចរកាន់តែកើនឡើងនោះ វត្តមានដំបូងគេរបស់ឆ្នេរខ្សាច់តូចច្រឡឹង ដ៏គួរឲ្យទាក់ទាញមួយ បាន និងកំពុងបង្ហាញខ្លួនបង្អូតភ្ញៀវទេសចរបន្តិចម្តងៗអែបនឹងជើងភ្នំមួយ ដែលស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ឆ្នេរក្រុងកំពត។

មានទីតាំងស្ថិតនៅក្នុងភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីរង្វង់មូលទឹករលក គុលស្ពានថ្មី ឆ្ពោះទៅកាន់សង្កាត់ត្រើយកោះ និងកាត់ផ្លូវលំវាលស្រែអំបិលជាច្រើនហិកតា បន្តធ្វើដំណើរសសៀរតាមជើងភ្នំមុនពេលទៅដល់តំបន់ឆ្នេរខ្សាច់ដែលអាចចុះងូតទឹកសមុទ្រលែងកម្សាន្ត ដែលត្រូវបានគេហៅថាឈ្មោះថា «ឆ្នេរខ្សាច់ដូងទេ»នោះ ជាកន្លែងមួយដ៏ស្រស់ស្អាត ទាំងទេសភាព ទឹកសមុទ្រ និងបរិយាកាស ខ្យល់អាកាសបរិសុទ្ធពិតៗ។

ឆ្នេរខ្សាច់ដូងទេ ត្រូវបានគេស្ថាបនាឡើងដោយការចាក់បំពេញខ្សាច់នៅតំបន់មាត់ឆ្នេរ និងបានដាំដើមដូងទេជាច្រើនដើមចាប់ពីចំនុចជាប់ជើងភ្នំដូង។ គំនរខ្សាច់ត្រូវបានគេចាក់រាងទ្រវែងស្រូច លយចូលទៅក្នុងទឹកសមុទ្រជម្រៅរាក់ល្មម ដែលអាចបង្កឲ្យភ្ញៀវមកកម្សាន្តចុះងូតទឹកបាន ទាំងចាស់ទាំងក្មេង។

ម្ចាស់ទីតាំងឆ្នេរខ្សាច់ដូងទេ លោកស្រី កើត រ៉ាឌីតា បានប្រាប់ឲ្យដឹងអំពីគោលបំណងនៃការបង្កើឆ្នេរខ្សាច់នេះថា ទៅថ្ងៃអនាគតលោកស្រីចង់បង្កើតជា resort មួយដែលមានឆ្នេរសម្រាប់ឲ្យភ្ញៀវជាតិ និងអន្តរជាតិមកសម្រាកលម្ហែ អាចអង្គុយសម្រាកហាលកម្ដៅថ្ងៃ និងងូតទឹកសមុទ្រលែង។ លោកស្រីបានបន្តថា គំនិតច្នៃប្រឌិតមួយនេះ បានផុសឡើងស្របពេលដែលអនុសាសន៏របស់ប្រមុខរាជរដ្ឋាភិបាល និងលោកអភិបាលខេត្តកំពត បានណែនាំនិងជំរុញ ឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ បង្កើនការវិនិយោគនៅលើវិស័យនានា ពិសេសវិស័យទេសចរណ៍ក្នុងខេត្តត្រូវបង្កើតឲ្យមានតំបន់ឆ្នេរខ្សាច់ ដែលខេត្តកំពត មិនទាន់មានសម្រាបជាគោលដៅទេសចរណ៍នៅឡើយនោះ។

យ៉ាងណាក៏ដោយ លោកស្រីនៅមិនទាន់អាចប្រាប់ឲ្យដឹងច្បាស់នៅឡើយទេថា តើថ្ងៃណានឹងបើកបម្រើសេវាជូនដល់អតិថិជន ដោយលោកស្រីគ្រាន់តែបង្ហើបឲ្យដឹងថា  កំពុងតែសិក្សារអំពីគម្រោងនេះឲ្យច្បាស់លាស់សិន ព្រោះតំបន់នោះមិនទាន់មានទឹក ភ្លើងទៅដល់ទេ បង្កឲ្យមានការលំបាកដល់ដំណើរការសាងសង់ និងការប្រើប្រាស់ប្រចាំថ្ងៃ។ លោកស្រីបានរំពឹងទុកថា ទៅថ្ងៃអនាគតខេត្តកំពតនឹងមានតំបន់ឆ្នេរ ដ៏ស្រស់ស្អាតជាច្រើនទៀត ទាំងផ្នែករដ្ឋ និងឯកជន សម្រាប់ជាគោលដៅទេសចរណ៍ឲ្យភ្ញៀវមកកម្សាន្តខេត្តកំពតកាន់តែច្រើន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor