Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ខឹងចិត្តបាន​លោតពីលើជាន់ទី១ នៃ​ផ្ទះជួល ហើយត្រូវប្រពន្ធវាយថែម បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង ក្រោយពី​ទាស់​សម្ដីគ្នាមួយប្រាវ រឿងកុំប្រពន្ធផឹក តែប្រពន្ធមិនព្រមស្ដាប់។

ករណីហិង្សាខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្ដីឈ្មោះ ផាន់ ណា អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ប្រពន្ធឈ្មោះ ហ៊ល សុឃីម ហៅឃីម អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធបានផឹកស៊ី ពេលនោះប្ដីបានហៅឲ្យឈប់ផឹក តែប្រពន្ធមិនព្រមឈប់ រហូតមានទំនាស់គ្នា ធ្វើឲ្យ​ប្ដីខឹងចិត្ត ម្យ៉ាងដោយកន្លងមកខឹងប្រពន្ធរំលូតកូនចោលផងនោះ​ ក៏​លោតសម្លាប់ខ្លួនពីជាន់ទី១ ខណៈអ្នកផឹកស៊ីជាមួយប្រពន្ធនាំគ្នាឃាត់ តែមិនឈ្នះ។ លុះពេលលោតចុះមកដល់ដី បុរសជាប្ដីមិនកើតង្វីឡើយ បន្តិចក្រោយមកក៏ដួល ឃើញដូចនោះប្រពន្ធស្មានថាប្ដី ធ្វើពុតជាដួល ក៏រើដុំឥដ្ឋទៅវាយគូទប្ដីថែម ចៃដន្យប្ដីបានប្រែខ្លួនដេកផ្ញារ បណ្ដាលឲ្យត្រូវចំពងប្រកាច់សន្លប់ស្ដូក។

ក្រោយពេលកើតហេតុស្ត្រីជាប្រពន្ធ ត្រូវបានសមត្ថកិច្ចហៅមកសួនាំ ហើយឲ្យ​ត្រឡប់ទៅមើលថែប្តីវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor