
ភ្នំពេញៈ រថយន្តឡិចស៊ីសមួយគ្រឿង ត្រូវបានចោរលួចទៅបាត់ដោយសុវត្ថិភាព ខណៈម្ចាស់ចតទុកមុខផ្ទះ ក្នុងបុរី សំបួរមាស តាមបណ្តោយផ្លូវ២១៧ (ចម្ការដូង) ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។
បើតាមម្ចាស់រថយន្ត បានប្រាប់ថា នៅល្ងាចថ្ងៃកើហេតុ គាត់បានទុករថយន្តម៉ាក Lexus RX 300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2G-4194 នៅមុខផ្ទះ ដូចសព្វដង ហើយក៏ចូលទៅសម្រាក តែស្រាប់វេលាទៀបភ្លឺថ្ងៃទី១៣ ឧសភា គាត់បានចេញមកមើលរថយន្ត តែមិនឃើញ ក៏មានការឆោឡោឡើង នឹងបានប្តឹងសមត្ថកិច្ចឲ្យជួយតាមរក។

រហូតមកទល់ពេលនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ កំពុងចែកចាយព័ត៌មានពីករណីបាត់រថយន្តពីបុរីខាងលើ ទៅសមត្ថកិច្ចគ្រប់ផ្នែក ដើម្បីតាមរករថយន្តជនរងគ្រោះមកវិញ។
ជាទូទៅនៅក្នុងសំបួរមាសនេះ គេសង្កេតឃើញថា មានភាពអសន្តិសុខណាស់ គ្មានការយាមកាមឲ្យបានត្រឹមនោះទេ ហើយកន្លងមកក៏ធ្លាប់បាត់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានទិញផ្ទះរស់នៅក្នុងបុរីនេះ ប៉ុន្តែគ្មានអ្នកណាម្នាក់ចេញមុខមកទទួលខុសត្រូវឡើយ ជាក់ស្ដែងដូចករណីបាត់រថយន្តខាងលើនេះអ៊ីចឹង៕
