Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ បុរសជាកម្មករសំណង់ម្នាក់ ត្រូវគូភាគីវាយ​ជាច្រើនដំបង បណ្ដាលឲ្យ​ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ខណៈមានជម្លោះក្នុងវង់ផឹកស៊ី។ ក្រោយបញ្ចប់ជីវិត ជនដៃដល់អូសសពយកទៅទម្លាក់​នៅមុខរបង តាមផ្លូវគ្រោះក្រហម ដើម្បីបន្លំភ្នែកសមត្ថកិច្ច។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច តាំងពីព្រឹកថ្ងៃទី២១ ខែឧសភា លុះរសៀលថ្ងៃដដែលទើបចាប់បានជនសង្ស័យ រួចនាំយកមកធ្វើតា្រប់ នៅកន្លែងកើតហេតុ ក្នុងដីឡូតិ៍ ស្ថិតនៅចំណុចក្នុងព្រៃទំនប់ខាងត្បូងអង្គរឃ្យុងយូ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើសន្និសីទកាសែតជុំវិញករណីនេះផងដែរ។ លោកបញ្ជាក់ថា ក្រោយពីកម្លាំងប្រជាការពារភូមិស្លក្រាម បានប្រទះឃើញសាកសពបុរសខាងលើ ក៏ត្រូវកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ទើបឃាត់ខ្លួនបានជនដៃដល់ ដែលសម្លាប់ជនរងគ្រោះ។

លោកបានបន្តថា ជនរងគ្រោះឈ្មោះ ឈៀក ប៊ុនណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅភូមិសំរោងក្រុង ឃុំសំរោងក្រ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ចំណែកជនសង្ស័យឈ្មោះ ស៊ិន សីហសទ្ធា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្មាន មានស្រុកកំណើតនៅភូមិកំពង់ក្របី ឃុំឯកភាព ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅជាមួយឪពុកម្តាយ ក្នុងភូមិធ្លក អណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកបន្តទៀតថា តាម​ចម្លើយសារភាពរបស់ជនសង្ស័យ មូលហេតុ គឺដោយសារពេលផឹកស៊ីចប់ ជនរងគ្រោះបានជេរឪពុកម្តាយរបស់ខ្លួន ព្រមទាំងប្រមាថអាយុជីវិតរូបគេទៀត ទើបរូបគេ​ហ៊ានលើកដៃវាយសម្លាប់ដូច្នេះ។ មុនដំបូងរូបគេបានជិះកង់ចេញពីផ្ទះឪពុកម្តាយទៅផឹកស្រា ស មានគ្នា៣ក្នុងនោះ អ៊ុ (ប៊ុន លី) ជាអ្នកយាមដីឱ្យគេ និងជនរងគ្រោះឈ្មោះ ឈៀក ប៊ុន ណា អស់ស្រាសចំនួន១លីត្រកន្លះ ខណៈពេលនោះ អ៊ុ ប៊ុនលី ស្រវឹងគាត់ក៏ចូលដេកមុន ហើយនៅសល់តែរូបគេនិងជនរងគ្រោះផឹកតែ២នាក់។ ពេលអស់ស្រា រូបគេក៏ដើរទៅបម្រុង ដាក់មុងចូលដេក ស្រាប់តែជនរងគ្រោះ បានជេរឪពុកម្តាយ និងប្រមាណអាយុជីវិត ទើបទ្រាំមិនបាន ក៏ស្ទុះចេញពីមុង ទាញដំបងឈើប្រវែង០,៥៥ម៉ែត្រ វាយជាច្រើនដំបង ក៏ដួលផ្កាប់មុខតែម្តង។ ជាមួយគ្នានោះរូបគេ ក៏វាយបន្ថែមទៀតរហូតដល់ស្លាប់ ហើយក៏អូសចេញទៅចោលនៅក្រៅរបង ដើម្បីបន្លំភ្នែកសមត្ថកិច្ចកុំថា ស្លាប់នៅក្នុងដីឡូតិ៍ ហើយក៏ជិះកង់ត្រឡប់ទៅផ្ទះ និងបន្តទៅផឹកនៅផ្ទះពូ។ លុះម៉ោងជិត១រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ រូបគេបានជិះកង់ចេញពីផ្ទះពូ ត្រឡប់ទៅផ្ទះវិញ ដើម្បីសុំលុយម្តាយ២០ដុល្លារ ដើម្បីជិះឡានរត់គេចខ្លួនទៅបាត់ដំបង។ ប៉ុន្តែឪពុកម្តាយមិនឱ្យផង ក៏ឃើញសមត្ថកិច្ច និងប្រជាការពារភូមិ រត់ចូលព្រៃតែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor