Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ពិតជាគួរឲ្យសង្វេគណាស់ នៅពេលឃើញទិដ្ឋភាពឪពុកម្ដាយយំឱបសពកូនស្រីទាំងមិនអស់អាល័យ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថយន្តកុងតឺន័របុកស្លាប់ ខណៈពេលកំពុងដើរឆ្លងផ្លូវជាមួយម្ដាយ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កជាការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅក្បែរច្រកចូលបុរីស្កាយឡែន តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ ប្រាប់ឲ្យភ្នាក់ងារសារព័ត៌មាន Cam Post ដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះអាយុ៦ឆ្នាំ រួមជាមួយម្ដាយរបស់គេ បានដើរឆ្លងផ្លូវ៣៧១ ជាមួយគ្នា តែមិនដឹងថា ម្ដាយនាំកូនឆ្លងផ្លូវប្រហែសឬយ៉ាងម៉េចទេ ស្រាប់តែមានរថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-5205 ដែលមានដឹកដែកសរសៃ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ហើយក៏បុកក្មេងស្រីរងគ្រោះខាងលើ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗតែម្ដង។ ចំណែកឯម្ដាយពុំរងរបួសនោះទេ។

ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កបានព្យាយាមបើករត់ រហូតដល់ផ្លូវព្រះមុនីរ៉េត (ផ្លូវ២១៧) កែងផ្លូវ៣៧១ ចំណុចស្ពានដែកចំការដូង ក៏ត្រូវបានប្រជាពលរដ្ឋដេញឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ហើយប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានយកទៅកាន់ប៉ុស្ដិ៍បឹងទំពុន២ ដើម្បីសួរនាំផងដែរ។

រថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់។​ ដោយឡែក សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យឪពុកម្ដាយ ដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីនៅវត្តច្បារអំពៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor