header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក តុប ឈុនហេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួននគរបាលវ័យក្មេងចរិតទំនើង សុន ពិសាល ដែលវាយជនស៊ីវិលឲ្យបែកមុខបែកមាត់របួសយ៉ាងដំណំកាលពីថ្ងៃមុន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ។

ការឃុំខ្លួននេះដែរ ធ្វើឡើងបន្ទាប់ពីលោក ចែ សុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នគរបាលការិល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ធក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួននគរបាលវ័យក្មេងទំនើងឈ្មោះ សុន ពិសាល អត្តលេខ ៧៤៨៤០ ឋានន្តរស័ក្តិព្រិន្ទបាលឯក នាយរងផ្នែកបន្ទប់ពិសោធន៍នៃនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត ដែលធ្លាប់មានប្រវត្តិបន្លំយកតួនាទី ដើម្បីជម្រិតយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបានប្រើហិង្សាលើជនស៊ីវិល ទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់។

វរសេនីយ ជាវ វិបុល ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា មន្ត្រីនគរបាលវ័យក្មេងរូបនេះ ក្នុងចំណោមបក្ខពួករបស់គេមួយក្រុម បានប្រើអំពើហិង្សាលើជនរងគ្រោះកាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវលេខ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

ជនរងឈ្មោះ អឹម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៤ ផ្លូវលំ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតពេលហេតុ គេឃើញក្រុមជនបង្កបានចាប់ និងវាយយុវជនរងគ្រោះ រួចហើយចាប់អូសឡើងលើរុឺម៉កម៉ូតូ រួចដឹកយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ជនរងគ្រោះមានស្នាមរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលក្រុមគ្រួសារដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post