ព្រះសីហនុៈ រថយន្តសាំយ៉ុង ដោយសារអ្នកបើកបរងងុយដេក បានរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមនឹងកន្លែងកើតហេតុ ចំណែករួមដំណើរ៤នាក់រងរបួសធ្ងន់ស្រាល។
គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ដោយខ្លួនឯងនេះ កើតឡើងកាលពីវេលាម៉ោង៦៖២០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ១៩៣-១៩៤ ស្ថិតនៅក្នុងភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កដោយខ្លួនឯងនេះ ម៉ាក SSANGYONG ពណ៌ស្លែ ពាក់ស្លាកលេខកំពង់ចាម 2A-0537 ទិសដៅពីខេត្តកំពត ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើអ្នកបើកបរងងុយដេក រ៉េចង្កូតមកខាងស្តាំដៃធ្លាក់ផ្លូវក្រឡាប់តែម្ដង
សមត្ថកិច្ច បានបន្តថា ជនរងគ្រោះបើកបរដោយឈ្មោះ សុខ ម៉ាប់ ភេទ ប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកឈូកមាស ខេត្តកំពត (ស្លាប់) និង៤នាក់ រងរបួសមធ្យម ១-ឈ្មោះ ឈា ភេទប្រុស អាយុ៦៨ឆ្នាំ ២-ឈ្មោះ ង៉យ ភឿន ភេទស្រី អាយុ ៣៩ឆ្នាំ ៤-ឈ្មោះ កប ធា ភេទស្រី អាយុ៤០ឆ្នាំ ៥-ឈ្មោះ កប ឃីម ភេទស្រី អាយុ៣០ឆ្នាំ អ្នករួមដំណើរទាំងអស់ មានទីលំនៅដូចអ្នកបើកបរ រថយន្ត។
ក្រោយកើតហេតុសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួស បានបញ្ជូនមកព្យាបាលនៅគ្លីនិកលិគឹមឌីវាលរេញ ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ។ បច្ចុប្បន្នរថយន្ត សមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕