
ព្រៃវែងៈ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាមន្ត្រីនគរបាល បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តព្រៃវែង ក្រោយពីម៉ូតូ២គ្រឿងបុកក្នុងទិសដៅបញ្ច្រាសគ្នាពេញមួយទំហឹង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៥០នាទីយប់ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូរលំក្រាលកៅស៊ូ ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ច បានឱ្យដឹងថា ភាគីម៉ូតូបង្កឈ្មោះ ឆាំ រ័ត្ន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកំពង់ឫស្សី ឃុំកំង់ឫស្សី ស្រុកពោធិរៀង បើកម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-8083 នឹងអ្នករួមដំណើរឈ្មោះ ខេន ប៊ុណ្ណា ភេទប្រុស អាយុ២៣ឆ្មាំ រស់នៅភូមិ ឃុំជាមួយគ្នា ពួកគេរងរបួសតិចតួច ។ ចំណែកជនរងគ្រោះឈ្មោះ ងៀន សៀន ភេទប្រុស អាយុ៥២ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ស្លាកលេខនគរបាល 1.2165 បច្ចុប្បន្នរស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូបង្កបើកបរក្នុងល្បឿនមធ្យម ហើយបានប្តូរគន្លងផ្លូវ ក៏ជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះ បង្កឲ្យរងរបួសធ្ងន់ ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តព្រៃវែង ក៏បានស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងឃាត់ខ្លួនភាគីបង្ក រួចបញ្ជូនទៅកាន់ អធិការដ្ឋានស្រុកស្រុពារាំង រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



