ភ្នំពេញៈ អតីតមេបក្សប្រឆាំង តែងតែងបង្ហាញក្តីសង្ឃឹមទាំងមុនពេលអស់សិទ្ធិធ្វើនយោបាយរហូតមកដល់បច្ចុប្បន្នថា នឹងមានវាសនាបានធ្វើជានាយរកដ្ឋមន្រ្តី ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ដែលកំពុងស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា ទំនាយរបស់សម្តេច គឺតម្រូវឲ្យមកធ្វើជានាយករដ្ឋមន្រ្តី។
សម្តេចតេជោ បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅតំបន់រោងចក្រ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ថា សូម្បីតែព្រះករុណា ព្រះបរមរតនកោដ្ឋ ក៏ព្រះអង្គជឿលើការធ្វើជានាយករដ្ឋមន្រ្តីរបស់សម្តេចដែរ ដោយព្រះអង្គធ្លាប់បានមានព្រះបន្ទូលទៅកាន់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងថ្នាក់ដឹកនាំគណបក្សមួយចំនួនទៀត ឲ្យជឿទៅ ព្រោះសម្តេច ហ៊ុន សែន គេបង្កើតមក ដើម្បីធ្វើជានាយករដ្ឋមន្រ្តី។
សម្តេចតេជោបន្ថែមថា “ចឹងទំនាយសម្តេច ហ៊ុន សែន គឺឲ្យកើតមកសម្រាប់ធ្វើនាយករដ្ឋមន្រ្តី ហើយធ្វើមែន ធ្វើពីនុងមក ចេះតែបន្តធ្វើ តាំងពីឆ្នាំ១៩៨៥ រហូតដល់ឥឡូវ៣៣ឆ្នាំហើយ។ ពូនឹងមានកំលាំងធ្វើរហូតដល់១០ឆ្នាំទៀត។ ព្រោះសន្តិភាពដែលរកមកដោយលំបាក ត្រូវការពារឲ្យបាន”៕