
ភ្នំពេញៈ គណបក្សសិទ្ធិមនុស្ស ដែលលោក កឹម សុខា ធ្លាប់ធ្វើជាប្រធាន បានប្រកាសបញ្ជាក់ ជំហរជាថ្មីថា ទោះបីជានៅមានឈ្មោះក្នុងបញ្ជីឈ្មោះគណបក្សនយោបាយ ដែលក្រសួងមហាផ្ទៃទើបផ្សព្វផ្សាយនាពេលថ្មីៗនេះក៏ដោយ ក៏គណបក្សនឹងមិនចូលរួមការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្ដ្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះទេ ។
ការសម្រេចមិនចូលរួមបោះឆ្នោតនេះ មិនមែនមានតែគណបក្សនេះមួយទេ គឺមានគណបក្សជាច្រើនទៀតដូចជា គណបក្សអំណាចខ្មែរ និងគណបក្សភ្លើងទៀនជាដើម។ ទោះបីមានបក្សមួយចំនួនមិនចូលរួមក៏ដោយ តែក៏មានបក្សថ្មីជាច្រើនទៀត បានបង្កើតជាបន្តបន្ទាប់ ដើម្បីចូលរួមផងដែរ ។
យោងតាមសេចក្ដីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្ស នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ឲ្យដឹងថា គណបក្សសិទ្ធិមនុស្ស ជាភាគីស្ថាបនិកនៃគណបក្សសង្គ្រោះជាតិ ដែលតែងចង់ឃើញមានដំណោះស្រាយនយោបាយ ដោយមានការដោះលែងលោក កឹម សុខា ដែលជាអ្នកទោសនយោបាយ និងមានវត្តមានគណបក្សសង្គ្រោះជាតិ ក្នុងបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ ។
គណបក្សសិទ្ធិមនុស្ស ធ្លាប់បានជូនដំណឹងទៅក្រសួងមហាផ្ទៃ កាលពីខែមករា ដើមឆ្នាំនេះ អំពីការរំលាយគណបក្សសិទ្ធិមនុស្ស ចាប់ពេលនោះមក គណបក្សមិនដែលគិតថា ខ្លួននៅតែជាគណបក្សសិទ្ធិមនុស្សទៀតឡើយ ។
ក្នុងសេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ថា “គណបក្សសិទ្ធិមនុស្ស សូមបញ្ជាក់ជំហរសារជាថ្មី ជូនសាធារណជនជាតិ-អន្ដរជាតិ ឲ្យជ្រាបថា ទោះបីជានៅមានឈ្មោះក្នុងបញ្ជីឈ្មោះគណបក្ស នយោបាយ ដែលក្រសួងមហាផ្ទៃទើបផ្សព្វផ្សាយនាពេលថ្មីៗនេះ និងទោះស្ថិតក្នុងកាលៈទេសណាក៏ដោយ ក៏គណបក្សសិទ្ធិមនុស្ស នឹងមិនចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះឡើយ” ។
សូមរំលឹកថា ប្រធានគណបក្សសិទ្ធិមនុស្ស (គសម) លោក សឺន ស៊ូបែរ្តិ៍ កាលពីថ្ងៃទី២៨ ខែមករាកន្លងទៅ បានផ្ញើលិខិតមួយច្បាប់ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីការរំលាយគណបក្សរបស់ខ្លួន ដោយប្រធានគណបក្សសិទ្ធិមនុស្ស រូបនេះអះអាងថា ការរំលាយនេះ គឺស្របតាមស្មារតី អង្គប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសិទ្ធិមនុស្ស ។
គណបក្សសិទ្ធិមនុស្ស បង្កើតឡើងនៅឆ្នាំ២០០៧ ដោយមានប្រជាពលរដ្ឋ ប្រមាណជា២០ម៉ឺន នាក់ បានផ្តិតមេដៃដើម្បីឲ្យលោក កឹម សុខា ដែលជាអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្វើជាប្រធានគណបក្ស ។ បង្កើតបាន១ឆ្នាំ លោកក៏បានឈរឈ្មោះជាបេក្ខភាព នាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតសភា ខែកក្កដា ឆ្នាំ២០០៨ ដែលពេលនោះគណបក្សកាន់អំណាច បានឈ្នះសំឡេងភាគច្រើន ភ្លូកទឹកភ្លូកដី ចំណែកគណបក្សសិទ្ធិមនុស្សវិញ ស្ថិតនៅលំដាប់ទី៣ បន្ទាប់ពីគណបក្ស សម រង្ស៊ី ។
ក្រោយពីការបង្កើតគណបក្សមិនបានប៉ុន្មានឆ្នាំផង គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី បានប្រកាសរួបរួមគ្នា ទៅបង្កើតគណបក្សសង្រ្គោះជាតិ កាលពីអំឡុងឆ្នាំ២០១២ ហើយបានចូលរួមប្រកួតប្រជែងបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០១៣ ដោយបាន៥៥អាសនៈ ចំណែកគណបក្សប្រជាជនកម្ពុជា បានទទួល៦៨អាសនៈ ប៉ុន្តែមកដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោល ដោយសារលោក កឹម សុខា ជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ៕
