
ស្វាយរៀងៈ ហាមឃាត់ម្តាយច្រើនលើកមិនស្តាប់ រឿងកុំទាក់ទងស្នេហាជាមួយប្ដីគេ ខណៈពេលម្ដាយនាំឡើងមកដេកដល់លើផ្ទះ កូនប្រុសខឹងខ្លាំងពេក រត់ទៅទិញសាំងកន្លះលីត្រចាក់ដុតទាំងម្តាយ និងប្រុសកំណាន់ បណ្តាលឲ្យរលាកពេញខ្លួន រងរបួសធ្ងន់ទាំងពីរ ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨៖១០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុននឹងឈានដល់រឿងដុតម្តាយបង្កើត និងបុរសកំណាន់ចិត្ត បណ្ដាលឲ្យរលាកពេញខ្លួននោះ គឺកូនប្រុស (ជនបង្ក) បានធ្លាប់ហាមម្តាយជាច្រើនលើកមកហើយ រឿងកុំឲ្យទាក់ទងជាបុរសរូបនោះ ព្រោះអីគេមានប្រពន្ធ និងកូន ហើយមិនទាន់លែងលះគ្នាដាច់ស្រាច់ទេ ម្យ៉ាងវិញទៀត ទង្វើដ៏ស្មោករោគ គឺកូនៗខ្មាសគេណាស់។

សមត្ថកិច្ច បានឲ្យដឹងថា ស្រ្តីជាម្ដាយឈ្មោះ ពេជ្រ សាន់ អាយុ៥៣ឆ្មាំ មុខរបរកសិករ រងរបួសស្រាល រីឯប្រុសកំណាន់ឈ្មោះ ពេជ្រ ឆុន អាយុ៦៧ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់។ ចំណែកកូនប្រុស (ជនបង្ក) ឈ្មោះ តូច សាវឿន ហៅទិត្យ អាយុ២៥ឆ្នាំ។ អ្នកទាំងពី រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បច្ចុប្បន្នជនរងគ្រោះទាំងពីរ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប ដោយសភាពជំងឺធ្ងន់ធ្ងរពេក ជនរងគ្រោះឈ្មោះ ពេជ្រ ឆុន ត្រូវបានដឹកជញ្ជួនបន្តទៅកាន់មន្ទីរពេទ្យភ្នំពេញ។ ដោយឡែក ជនបង្កសមត្ថកិច្ចបានឃាត់ខ្លួន និងបញ្ជូនមកអធិការនគរបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕



