ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រុះរឿងក្ដីព្រហ្មទណ្ឌសាលាឧទ្ធរណ៍ នៅថ្ងៃទី ១១ឧសភា ឆ្នាំ២០១៨នេះបានប្រកាសាលដីកាសម្រេចតម្កលសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការទាំងស្រុង លើសំណុំរឿងឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី ពោលគឺឲ្យឃាតកឈ្មោះ ជួប សម្លាប់ ជាប់ពន្ធនាគារអស់មួយជីវិតដដែល។ សេចក្ដីសម្រេចនេះ បើកផ្លូវឲ្យជនដៃដល់បណ្ដឹងសារទុក្ខទៅតុលាការកំពូលតាមច្បាប់កំណត់ ។
ជនជាប់ចោទត្រូវបានបញ្ជូនមកសាលាឧទ្ធរណ៍ ដើម្បីឲ្យស្ដាប់សេចក្ដីដម្រេចនៃសាលដីកានេះ តែមិនអនុញាតឲ្យអ្នកកាសែតថតរូបឃាតកទេ ។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជំនុំជម្រុះសាលាឧទ្ធរណ៍ បានលើកយកសំណុំរឿងឃាតកឈ្មោះ ជួប សម្លាប់ មកកាត់ទោសតាមការបណ្ដឹងរបស់ជនជាប់ចោទ ។
ក្នុងសវនាការ ជួប សម្លាប់ បានសារភាពពីកំហុសរបស់ខ្លួន ក្នុងការធ្វើឃាតលោកបណ្ឌិត កែម ឡី ដោយមិនលាក់លៀមសកម្មភាពប្រព្រឹត្តបទល្មើសឡើយ ។
កម្មវត្ថុសំខាន់ក្នុងការប្ដឹងឧទ្ធរណ៍នេះ គឺជនដៃដល់បានសុំឲ្យតុលាការបន្ធូបន្ថយទោសដល់ខ្លួនតែប៉ុណ្ណះ។ ក្រោយបញ្ចប់សវនាការក្រុមប្រឹក្សាតុលាការ បានសម្រេចលើកពេលមកប្រកាសសាលដីកា នៅថ្ងៃទី ១១ឧសភានេះ ។
ឃាតក ជួប សម្លាប់ ត្រូវបានតុលាការផ្តន្ទាទោសអស់មួយជីវិត លើករណីឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី បានប្តឹងឧទ្ធរណ៍ដើម្បីជំទាស់នឹងសេចក្តីសម្រេច របស់សាលាដំបូងរាជធានី ភ្នំពេញ កាលពីចុងខែមីនាកន្លងទៅ ។
ការសម្រេចប្តឹងទៅឧទ្ធរណ៍នេះ គឺដោយសារតែ ជួប សម្លាប់ យល់ថា ការសម្រេចរបស់សាលា ដំបូងរាជធានីភ្នំពេញ កាលពីខែចុងខែមីនាកន្លងទៅ ដាក់ទោសច្រើនពេក គឺរហូតអស់មួយជីវិត។ ការប្តឹងទៅឧទ្ធរណ៍នេះ គឺស្នើឲ្យសាលាឧទ្ធរណ៍ពិចារណាឡើងវិញ ចំពោះការដាក់ទណ្ឌកម្មនេះ ដោយសុំសម្រាលទោសខ្លះដើម្បីមានឱកាសកសាងខ្លួន និងចូលរួមក្នុងសង្គមវិញ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៣មីនា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសទណ្ឌិតឈ្មោះ អឿត អាង ឬ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត។ ក្នុងនោះ ជួប សម្លាប់ ត្រូវបានចោទប្រកាន់ពីរបទល្មើស រួមមាន៖ កាន់កាប់អាវុធខុសច្បាប់ និងឃាតកម្មគិតទុកជាមុនក្នុងសំណុំរឿងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងនយោបាយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្តាម៉ាត់ស្តុបបូកគោ ។
ក្រោយមកតុលាការ បានបំបែកសំណុំរឿងដើម្បីស៊ើបអង្កេតមនុស្សពីរនាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មនេះ គឺអ្នកផ្ដល់អាវុធ និងម្នាក់ទៀតនាំ ជួប សម្លាប់ ឲ្យស្គាល់លោក កែម ឡី ។
លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា សំណុំរឿងដែលតុលាការបំបែកជាពីរ លើករណីឃាតកម្មលោកបណ្ឌិត កែម ឡី នេះ តុលាការនៅបន្តការស៊ើបអង្កេតនៅឡើយ៕