
ស្វាយរៀងៈ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្សសម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត ហើយសូមឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តស្វាយរៀង កុំឲ្យជឿតាមការញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលតែងតែរារាំងដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ។
នាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ ចុះជួយស្រុករមាសហែក ថ្លែងបែបនេះ ក្នុងពេលអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា និងបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តត្រពាំងបន្ទាយថ្មី ស្ថិតនៅភូមិវត្ត ឃុំត្រល់ ស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារ ចុះជួយតាមបណ្តាឃុំ/ភូមិ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀងជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ពុទ្ធបរិស័ទ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំពិធីសម្ពោធសមិទ្ធផលនានា និងបុណ្យបញ្ចុះខណ្ឌសីមានាពេលនេះ និងបាននាំការនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះលោកយាយ លោកតា បងប្អូន យុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានចូល និងសូមជូនពរ លោកយាយ លោកតា បងប្អូនទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូរ មានកម្លាំងពលំមាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារ។

នាយឧត្តមសេនីយ៍ បានបន្តថា យើងបានឃើញទាំងអស់គ្នារួចមកហើយ ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ អគ្គិសនី ផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន មណ្ឌលសុខភាព រួមទាំងព្រះវិហារនេះផងដែរ គឺវាមិនអាចកើតឡើងដោយឯកឯងបាទទេ ប្រសិនណាគ្មានសន្តិភាព និងស្ថិតក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ គឺបានបញ្ចប់សង្គ្រាមទាំងស្រុងនៅប្រទេសកម្ពុជា។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវត្រៀមខ្លួនទៅពិនិត្យបញ្ជីឈ្មោះតាមសេចក្តីប្រកាសរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ត្រូវចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្រប់គ្នាកុំបីអាក់ខានឡើយ និងត្រូវជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាព ជូនប្រទេសជាតិ៕






