
ភ្នំពេញៈ ប្ដីប្រពន្ធ១គូ បានទាស់ពាក្យសម្ដីគ្នា រហូតប្តីបានវាយធ្វើបាបប្រពន្ធស្ទើរស្លាប់ស្ទើររស់ ដឹងខ្លួនខុស ប្ដីក៏ចូលទៅក្នុងបន្ទប់ដេកឱបខ្សែភ្លើង បណ្តាលឲ្យឆក់ស្លាប់។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងបន្ទប់ផ្ទះជួលជាន់ទី១ ស្ថិតភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ឫស្សីកែវ។

ប្រភពពីអ្នកជិតខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ ប្ដីប្រពន្ធមួយគូខាងលើនេះ បានទាស់ពាក្យសំដីគ្នា រហូតឈានដល់ប្រើអំពើហិង្សា ដោយប្តីបានយកដំបង និងពូថៅ វាយទៅលើប្រពន្ធ បណ្តាលឲ្យរបួសធ្ងន់ក្បែរស្លាប់ បន្ទាប់ពីវាយប្រពន្ធឲ្យរបួសធ្ងន់ ហើយប្តីដឹងខ្លួនខុស បានចូលទៅក្នុងបន្ទប់ រួចយកខ្សែភ្លើង ដែលមានភ្លើងមកដេកឱប បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ។

បច្ចុប្បន្នសពត្រូវបានយកទៅតម្កល់ទុកនៅវត្ត រង់ចាំធ្វើបុណ្យតាមប្រពៃណី។ ចំណែកនារីរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

