
ភ្នំពេញៈ យុវតីរូបស្រស់ទាំងក្រុម ក្នុងនោះ មានទាំងកញ្ញា តន់ ច័ន្ទសីមា ដែលជាតារាចម្រៀងវ័យក្មេងផងដែរ បានបើករថយន្តឡិចស៊ីសមួយគ្រឿង ទៅបុកគ្នាជាមួយរថយន្តផ្សេងទៀត ត្រង់ចំណុចផ្លូវបំបែកជា៥ ខាងក្រោយវត្តមហាមន្ត្រី ដែលធ្វើឲ្យរថយន្តរបស់ស្រីស្អាត ជ្រុលទៅបុករបងវត្តថែមទៀត បណ្តាលឲ្យរថយន្តទាំង២ រងការខូចខាតទាំងសងខាង។
គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅវេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៨៤ កែងផ្លូវលេខ១៧៣ ចំណុចខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ ប្រាប់ឲ្យភ្នាក់ងារសារព័ត៌មាន Cam Post ដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-6487 បើកបរដោយកញ្ញា តន់ ច័ន្ទសីមា ជាតារាចម្រៀងវ័យក្មេង និងរួមដំណើរដោយយុវតីរូបស្រស់ជាច្រើននាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ១៧៣ តែមិនប្រយ័ត្នក៏ត្រូវរថយន្ត កាមរី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2I-4334 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន មកបុករថយន្ត Lexus RX300 ប្រឆិតពីមុខយ៉ាងពេញទំហឹង ហើយធ្វើឲ្យរថយន្ត Lexus មិនទាន់អស់ល្បឿន ខ្ទាតទៅបុករបងវត្តថែមទៀត បណ្ដាលរបងវត្តបាក់ជ្រាយថ្មរងខូចខាត។

កញ្ញា តន់ ច័ន្ទសីមា រៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួន និងមិត្តភ័ក្តជាច្រើននាក់ទៀត ទើបតែចេញពីពិធីខួបកំណើត ដោយបានបើករថយន្ត Lexus ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ១៧៣ តែបានបំពានស្លាកសញ្ញាចរាចរណ៍ ក៏ត្រូវរថយន្ត កាមរី ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ក្នុងល្បឿនយ៉ាងលឿន មកបុក ទើបនាងមិនទាមទារសំណងអ្វីឡើយ ហើយភាគីម្ខាងទៀត មិនចង់មានរឿងវែងឆ្ងាយដូចគ្នា ក៏បញ្ចប់រឿងនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ បន្ទាប់ពីមានការសម្របសម្រួលគ្នាយ៉ាងយូរ និងមានសមត្ថកិច្ចមូលដ្ឋានជួយសម្រួលផងដែរ ទើបភាគីទាំងពីរបានសុំបញ្ចប់រឿង ដោយរៃលុយគ្នាទាំងសងខាងបានចំនួន១៥ម៉ឺនរៀល ជូនសមត្ថកិច្ចមូលដ្ឋាន ទុកប្រគេនព្រះចៅអធិការវត្តមហាមន្ត្រី សម្រាប់ជួសជុលថ្លៃខូចខាតរបងវត្តតិចតួចខាងលើនោះទៅ៕









