Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជន២នាក់ បានរងរបួសធ្ងន់​ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ និងយុវជនម្នាក់ទៀត រងរបួសបែកមុខបែកមាត់ ត្រូវសមត្ថកិច្ចវាយខ្នោះ ដោយសារតែជិះម៉ូតូដេញកាប់ក្រុមយុវជនផ្សេងទៀត ក្នុងល្បឿនលឿនពេក ហើយជ្រុលទៅបុករថយន្ត Lexus កំពុងបត់ឆ្លងផ្លូវពេញទំហឹង។

ហេតុការណ៍ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះ ​បានកើតឡើង​នៅវេលាម៉ោង៩៖៤០នាទីយប់​ ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា​ ឆ្នាំ២០១៨នេះ តាមបណ្តោយផ្លូវជាតិលេខ២ ដែលស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍ផ្ទាល់ ប្រាប់ឲ្យភ្នាក់ងារសារព័ត៌មាន Cam Post ដឹងថា ​នៅមុនពេលកើតហេតុ គេបានឃើញក្រុមយុវជនជិះម៉ូតូជាច្រើនគ្រឿង នៅតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ដេញកាប់ក្រុមយុវជនជាច្រើនម៉ូតូផ្សេងទៀត។ លុះពេលមកដល់ចំណុចកើតហេតុ ភាគីម៉ូតូម៉ាក និច ដែលជិះដេញកាប់ភាគីម៉ូតូម៉ាក ហុងដាឌ្រីម ធ្វើឲ្យភ័យពេកក៏បានជ្រុលចង្កូតទៅបុកគូទរថយន្ត លុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-9345 ពេញទំហឹងតែម្ដង បណ្តាលឲ្យយុវជន២នាក់ ជាជនរងគ្រោះជិះម៉ូតូ ហុងដាឌ្រីមនោះ រងរបួសធ្ងន់បាក់ជើងឆ្វេងទាំង២នាក់ និងម្នាក់ទៀត បែកក្បាលផងដែរ។

ប្រភពបន្តថា ម៉ូតូជនរងគ្រោះដែលខាងភាគីម៉ូតូ និច ដេញកាប់នោះ មានម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GH-5632។ ចំណែកងភាគីម៉ូតូនិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 1GQ-3770 ជិះគ្នា២នាក់ដែរជាជនបង្កជិះកាន់ដាវដេញកាប់ភាគីខាងម៉ូតូឌ្រីមសង់បានបុកពីក្រោយរថយន្តបន្តបណ្តាលឲ្យបែកមុខបែកមាត់ បានងើបរត់ទៅរើសដាវដែលជ្រុះនោះ រួចបម្រុងកាប់ទៅលើម្ចាស់រថយន្ត ដែលចុះមករកឃាត់សួរនាំ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ​ឃើញស្រែកទាន់ ទើបយុវជនកាន់ដាវនោះ បានដើរយកដាវទៅទុកចោលនៅ​គុម្ពស្មៅ ហើយមកកន្លែងកើតហេតុវិញ តែត្រូវប្រជាពលរដ្ឋរកឃើញយកប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនយុវជន ដែលប្រើប្រាស់ដាវដេញកាប់ជនរងគ្រោះ និងម្ចាស់រថយន្តនោះ យកទៅប៉ុស្ដិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ចំណែករថយន្ត និងម៉ូតូ២គ្រឿង ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែង ហើយស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីដោះស្រាយតាមច្បាប់៕

វីដេអូ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor