header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្អូនស្រីកូនឈ្នួលរងទារុណកម្មរយៈពេល៤ឆ្នាំ ពីសំណាក់​ស្ត្រីវៀតណាមកាត់ចិននោះ ត្រូវបានក្រុមការងាររបស់វិទ្យុ ABC និងប្រជាពលរដ្ឋជាច្រើន បាននាំគ្នាមកជួយស្វែងរកផ្ទះ ដើម្បីរកបងស្រីរបស់ប្អូនស្រីម្នាក់ទៀត នៅម្ដុំ Bar បារាំង​ ខណៈពេលចុះពីលើរថយន្ត ប្អូនស្រីបានដើរកាន់ដៃម្ដាយ ទាំងមានទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង និងញញឹមរហូត លុះមកដល់ចំណុចកើតហេតុ​មុខផ្ទះដែលប្អូនស្រីស្គាល់ថា បងស្រីរបស់ខ្លួនបានមកជាកូនឈ្នួលអោយគេដែរនោះ មិនទាន់បានជួបបងស្រីផង ក៏ស្រាប់តែសន្លប់បាត់ស្មារតីឈឹងតែម្តង ហើយក៏បញ្ជូនប្អូនស្រី​ទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីសង្រ្គោះទាំងយប់។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ​កើតមានឡើង​នៅវេលាម៉ោងប្រមាណជា១០៖១០នាទីយប់ ថ្ងៃចន្ទ​ ទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវលេខ១៣៦ ម្ដុំBar​ បារាំង​ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

បន្តិចក្រោយមកបងស្រីរបស់ប្អូនស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅមកជួបម្ដាយនៅប៉ុស្តិ៍ដើម្បីសាកសួរ ដោយសង្ស័យខ្លាចម្ចាស់ផ្ទះប្រើអំពើហិង្សាទៅលើប្អូនស្រីដែរ តែប្អូនស្រីមិនឆ្លើយអ្វីទាំងអស់។ ទើបសមត្ថកិច្ចធ្វើកំណត់ហេតុរួចអោយផ្ដិតមេដៃ ហើយនាំនាងទៅជួបប្អនស្រីដែលសន្លប់បាត់ស្មារតី កំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែតជាមួយគ្នាតែម្ដង។

ក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះជាមួយស្ត្រីជនជាតិវៀតណាមកាត់ចិនខាងលើ រយៈពេល ៤ឆ្នាំមកហើយ និងបងស្រីឈ្មោះ ជា ស្រីនិច អាយុ១៧ឆ្នាំ មករស់នៅធ្វើកូនឈ្នួលអោយគេចំណុចផ្លូវលេខ១៣៦ ម្ដុំBar​ បារាំង​ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ​ ប្អូនស្រីទាំង២នាក់បងប្អូនមានស្រុកកំណើត ភូមិទំនប់ថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ចំណែកស្ត្រីចិត្តព្រៃផ្សៃខាងលើឈ្មោះ ម៉េង រ័ត្ន ពិសី ហៅភា អាយុ ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់នៅផ្ទះកើតហេតុ។ តែបើតាមអ្នកក្បែរខាងបានឱ្យដឹងថា ស្ត្រីខាងលើនេះ ជាជនជាតិវៀតណាម កាត់ ចិន មានប្តីឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ មានកូនស្រីម្នាក់ក្នុងបន្ទុក ។

តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះទាំងអួលដើមក ចំពោះមុខសមត្ថកិច្ចនិងក្រុមអ្នកសារព័ត៌មានយើងថា រូបនាងត្រូវបានស្ត្រីខាងលើ យកមកឱ្យធ្វើការងារ តាំងពី អាយុ ១២ឆ្នាំមកម្លេះ ធ្វើជាកូនឈ្នួលបម្រើផ្ទះខាងលើ រហូតមកដល់ ពេលនេះ អស់រយៈពេល ៤ឆ្នាំហើយ ស្ត្រីម្ចាស់ផ្ទះបង្ខំឱ្យធ្វើការងារតាំងពីព្រឹកទល់យប់ បើធ្វើមិនទាន់ស្ត្រីខាងលើប្រដាប់ ដោយដែក វាយពេញ រាងកាយក្បាល ជួនយកម្ជុលដេរប៉ាក់ មកចាក់លើ រាងកាយ ក្នុង១ថ្ងៃ ឱ្យហូបបាយ ២ពេលប៉ុណ្ណោះ ពេលព្រឹក និងពេលល្ងាច ថ្ងៃត្រង់មិនអោយហូបបាយទេ ឱ្យធ្វើការងារ។

ក្មេងស្រីរងគ្រោះបន្តទៀតថា មកស្នាក់នៅធ្វើការដំបូង បាន ប្រាក់ឈ្នួល៦០ដុល្លារ ក្នុង ១ខែ ទើបតែមួយឆ្នាំមកនេះ បាន ១០០ដុល្លារ ក្នុង១ខែ ហើយខែថ្មីនេះ ម្តាយនាងមានការខ្វះខាតថវិកា ដើម្បីទិញថ្នាំព្យាបាលឪពុក បានសុំខ្ចីលុយ ១០០ដុល្លារមុន ។ ហើយអ្វីជាងនេះទៅទៀត ម្ចាស់ផ្ទះ ដាក់ បម្រាម ហាមមិនឱ្យនិយាយរឿង ធ្វើទារុណកម្មលើរាងកាយ ប្រាប់អ្នកជិតខាង ឬប្រាប់ដំណឹងដល់ក្រុមគ្រួសារ នៅឯស្រុកដឹងឡើយ និងមិនអនុញ្ញាតឱ្យជួបនិយាយជាមួយម្តាយតាមទូរស័ព្ទឡើយ។

សូមបញ្ជាក់ថា​ ក្មេងស្រីអាយុ១៦ម្នាក់ ជាកូនឈ្នួលបម្រើ ការងារនៅផ្ទះ អ្នកលក់សម្លៀកបំពាក់មួយកន្លែង ផ្ទះលេខ១៧ អាគារជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាតចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានស្ត្រីម្ចាស់ផ្ទះ ដែលជាជនជាតិវៀតណាមកាត់ចិន ប្រើអំពើហិង្សាសឹងតែរាល់ថ្ងៃ វាយ ទាត់ ធាក់ ចាក់ ដោយម្ជុល និងឈានដល់ បង្អត់បាយ ជារឿយៗ ។ ហើយចំពោះទង្វើដ៏កាចសាហាវនេះ មានរយៈពេល ៤ឆ្នាំមកហើយ ទើបនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋរស់នៅក្បែរខាង កើតទុក្ខមិនសុខចិត្ត ជំនួសក្មេងស្រី ហើយក៏បានរាយការណ៍ប្រាប់ទៅវិទ្យុABC ទើបក្រុមការងារវិទ្យុABC​ បានសហការគ្នា​ជាមួយសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ជួយរំដោះក្មេងស្រីចេញពីផ្ទះកើតហេតុ និងនាំទៅស្នាក់នៅវិទ្យុABC បណ្ដោះអាសន្ន​សិន ចំណែកឯស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី២។

បច្ចុប្បន្នក្រោយពីមានការបំភ្លឺពីក្មេងរងគ្រោះសមត្ថកិច្ចបាននាំខ្លួន ស្ត្រីសង្ស័យ ទៅសាកសួរនៅប៉ុស្តិ៍ និងផ្អែកលើ ភស្តុតាង ស្លាកស្នាម ជាំ របួសពេញខ្លួន ក្បាល ដៃជើង សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post