
បាត់ដំបងៈ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ ពីឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នាវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកា ពាក់ព័ន្ធករណីឆបោក។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាថ្ងៃកើតហេតុខាងលើ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះសហការជាមួយកម្លាំងនគរបាលខេត្តពោធិ៍សាត់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានចាប់ខ្លួនបុរសម្នាក់ នៅចំណុចក្រសាំងភ្នៅ ស្ថិតក្នុងភូមិ សំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ២៣៩៥ ត.ព្រ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ចេញដោយចៅក្រមស៊ើបសួរខេត្តបាត់ដំបង លោក រ័ត្ន ស៊ីថា ពាក់ព័ន្ធករណីឆបោក ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅភូមិអូរពងមាន់ ឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ម៉ៅ តាក់ ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិបោះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅចំណុចឃាត់ខ្លួនខាងលើ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចបានប្រគល់ឲ្យទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕

