Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ឧត្តរមានជ័យៈ ប្ដីចិត្តអប្រិយ៍ម្នាក់ បានទាញកាំបិតខ្វែវលើកកាប់ប្រហារប្រពន្ធប៊ិះស្លាប់ បន្ទាប់ពីឈ្លោះប្រកែកគ្នា រហូតឈានដល់ការព្រមព្រៀងលែងលះគ្នាហើយ ប៉ុន្តែភាគីប្ដីសុំយកម៉ូតូ ប្រពន្ធមិនឲ្យ។ ហេតុការណ៍កាប់ប្រហារប្រពន្ធដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បើតាមរបាយការណ៍របស់ប៉ូលិសស្រុកអន្លង់វែង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ូ ប៊ី ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាប្ដី រស់នៅជាមួយគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។ ជនសង្ស័យបានយកកាំបិតខ្វែវកាប់ទៅលើប្រពន្ធឈ្មោះ សែត ចាន់ណា អាយុ៣៧ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រង់ដើមដៃឆ្វេង ស្មាខាងស្ដាំ ផ្នែកកដៃស្ដាំ រួមនឹងក្បាលចំនួន៣កន្លែងទៀត ប៊ិះស្លាប់។ ភ្លាមៗបន្ទាប់ពីរងការកាប់ប្រហារ ស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ ទើបក្រុមគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យនៅខេត្តសៀមរាប។

អធិការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងដែរថា ក្រោយកើតហេតុ កម្លាំងអន្តរាគមន៍បានជួយយកជនរងគ្រោះទៅមន្ទីរពេទ្យ ខណៈជនបង្កដែលជាប្ដីបានកាន់កាំបិតខ្វែវជាប់នឹងដៃចូលសម្ងំក្នុងផ្ទះ មិនព្រមឲ្យសមត្ថកិច្ចចូលចាប់ខ្លួនទេ។ ក្រោយមក ជនសង្ស័យបានបិទទ្វារ និងចាក់សាំងដុតផ្ទះ ព្រមទាំងយកខ្សែអង្រឹងប្រុងចងកធ្វើអត្តឃាតខ្លួនឯងជាមួយធ្នឹមផ្ទះ ប៉ុន្តែភ្លាមៗនោះ សមត្ថកិច្ចបានយកឡានទឹកបាញ់ចូលក្នុងផ្ទះ ទើបចាប់ខ្លួនជនសង្ស័យបាន ហើយនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការតាមនីតិវិធី។

ដោយឡែក បើតាមអ្នកជិតខាង ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីប្រពន្ធ២នាក់នេះ បានឈ្លោះប្រកែកគ្នាក្នុងផ្ទះយ៉ាងខ្លាំង ដោយសារប្ដីប្រចណ្ឌប្រពន្ធ។ ពួកគេឈ្លោះគ្នារហូតឈានដល់ការព្រមព្រៀងលែងលះគ្នា ហើយប្ដីសុំយកម៉ូតូ តែប្រពន្ធមិនឲ្យ ក៏ដណ្ដើមម៉ូតូគ្នា ទើបទំនងប្ដីខឹងខ្លាំងក៏ទាញកាំបិតខ្វែវ កាប់លើប្រពន្ធជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់បែបនេះ។

ទោះជាបែបណា ពេលនេះ ជនសង្ស័យជាប្ដីដៃដល់បានត្រូវឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអន្លង់វេង ដើម្បីសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor