
ស្វាយរៀងៈ រថយន្តកូរ៉េដឹកបន្លែពីផ្សារនាគមាសយកមកបោះឲ្យម៉ូយនៅក្នុងខេត្តស្វាយរៀង ដោយសារតៃកុងងងុយដេករេចង្កូចធ្លាក់ផ្លូវជ្រុលទៅបុករថយន្តសាំយ៉ុងដឹកភ្លៀវទេសចរទៅលេងខេត្តតាកែវចំពីចំហៀងខាងឆ្វេង បណ្តាលឲ្យមនុស្សជាង២០នាក់ ភ័យលស់ព្រលឹង និងធ្វើមនុស្ស២នាក់ រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥៖៥នាទីទៀបថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្វាត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។

បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េដឹកបន្លែមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4584 មានមនុស្សជិះ៣នាក់ ធ្វើដំណើរពីលិចមកកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតធ្លាក់មកខាងស្តាំដៃ ក៏ខំបូងចង្កូតមកឆ្វេងវិញជ្រុលទៅបុករថយន្តសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2R 8519 ដែលមានមនុស្សជិះលើរថយន្តជិត២០នាក់ ដែលកំពុងធ្វើណើរពីទិសខាងកើតទៅលិច បណ្តាលឲ្យបុកចំពីមុនចំហៀងខាងឆ្វេង ធ្វើឲ្យតៃកុងរថយន្តសាំយ៉ុងរងរបួសធ្ងន់ និងម្ចាស់រថយន្តកូរ៉េបាក់ជើងកៀបទៅនិងរថយន្តតែម្តង។

ក្រោយពីជួបគ្រោះចរាចរណ៍ជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីធ្វើការសង្គ្រោះ។ ចំណុចរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕





