
ភ្នំពេញៈ ជនជាតិចិនប្រុសស្រី៤នាក់ បើករថយន្តស៊េរីទំនើប ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-2000 ក្នុងល្បឿនយ៉ាងលឿនដូចហោះ ទៅបុកផ្ទប់នឹងរបាំងក្បាលនាគពុះចែកទ្រូងផ្លូវ លាន់ឮដូចរន្ទះ តែមិនបាក់របាំងថ្មទេ គ្រាន់តែរងការខូចខាតរថយន្តផ្នែកខាងមុខស្ទើរទាំងស្រុង និងធ្វើឲ្យរងរបួសបុរសជនជាតិម្នាក់ស្រាល នារីជនជាតិចិន២នាក់ទៀតរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបអូរឫស្សី តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បានប្រាប់ភ្នាក់ងារសារព័ត៌មាន CAM POST ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនប្រុសស្រី៤នាក់ បើករថយន្តស៊េរីទំនើប ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-2000 បើកបរទាំងស្ថានភាពស្រវឹង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកផ្ទប់នឹងរបាំងក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង លាន់ឮដូចរន្ទះ តែមិនបាក់របាំងថ្មទេ គ្រាន់តែរងការខូចខាតរថយន្តផ្នែកខាងមុខស្ទើទាំងស្រុង បណ្ដាលឲ្យរងរបួសមនុស្សប្រុសម្នាក់ស្រាល និងស្រី២នាក់ធ្ងន់ ចំណែកឯអ្នកបើកបររថយន្តមិនរងរបួសទេ ប្រុសស្រីទាំង៤នាក់នោះសុទ្ធតែជនជាតិចិន។ ហើយក៏មានរថយន្តសង្គ្រោះមកដឹកទៅមន្ទីពេទ្យភ្លាមៗតែម្ដង រួមទាំងអ្នកបើកបររថយន្តផងដែរ។

ក្រោយពេលរថយន្តសង្គ្រោះដឹកអ្នករបួសទៅ នៅកន្លែងកើតហេតុនៅសល់តែបុរសជនជាតិចិនម្នាក់ ដែលរបួសស្រាល ស្ថិតក្នុងស្ថានភាពស្រវឹង បានឡើងទៅអង្គុយលើម៉ូតូរបស់អ្នកយកព័ត៌មានម្នាក់ មិនដឹងយ៉ាងម៉េច ស្រាប់តែដាច់ផ្ងារធ្លាក់ពីលើម៉ូតូ ហើយរលំម៉ូតូរួចតោងម៉ូតូមួយគ្រឿងទៀតដួលទាំង២គ្រឿង បណ្ដាលអោយបែកភ្លើងស្តុបស៊ីញ៉ូឆ្វេងផ្នែកខាងក្រោយ តែជនជាតិចិនរូបនោះបានចេញសងរួចហើយដែរ។ តែបែរជាស្រែកមិនឲ្យក្រុមអ្នកយកព័ត៌មានថតរូបគាត់ឡើយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។


ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុរួច ទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែង រួចស្ទូចរថយន្ត Range Rover បង្កហេតុនោះទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់រថយន្តចូលខ្លួនមកធ្វើការដោះស្រាយការខូចខាតសម្បត្តិរបស់រដ្ឋតាមផ្លូវច្បាប់ពេលក្រោយ៕











