Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ នៅបាំងតែពីរខែទៀតប៉ុណ្ណោះ ការបោះឆ្នោតថ្នាក់ជាតិ និងត្រូវបានរៀបចំឡើង ហើយពេលជិតបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រម្តងៗ បក្សប្រឆាំងតែងតែ ប្រើគ្រប់ល្បិចកល និងវិធីសាស្ត្រ ដើម្បីទាក់ទាញយកសំឡេងឆ្នោត។ មធ្យោបាយបក្សប្រឆាំងប្រើ ដែលត្រូវបានអះអាងថា ដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យនោះ ស្ទើរតែទាំងអស់ គឺផ្ទុយពីគោលការណ៍ច្បាប់នៃលទ្ធិប្រជាធិបតេយ្យ ជាអាទិ៍ មានដូចជា ការប្រមូលផ្តុំធ្វើបាតុកម្ម ការបង្កើតចលនា ការបះបោរ ការចង់ផ្លាស់ប្តូរ និងផ្តួលរំលំរដ្ឋាភិបាលស្រប់ច្បាប់ ដោយការធ្វើបដិវត្តពណ៌ជាដើម ដែលទង្វើទាំងអស់នេះសុទ្ធតែខុសច្បាប់។ ពួកគេបានយកជីវិត និងអនាគតប្រជាពលរដ្ឋរាប់ម៉ឺននាក់ ធ្វើជាចំណាប់ខ្មាំង ដើម្បីជាថ្នូរទៅនឹងតំណែង កៅអី អំណាចសម្រាប់ក្រុមបក្សពួកគេ។

នេះបើតាមការលើកឡើងរបស់ លោក​ ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ក្រុងកំពត ខេត្តកំពត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ហើយលោក​បានអំពាវនាវសុំលោកគ្រូ អ្នកគ្រូ​ ទៅបោះឆ្នោត និងកុំចួលរួមចលនាទាំងឡាយណា ដែលប៉ះពាល់ដល់សន្តិភាព និងពិសេសជួយពន្យល់ណែនាំអ្នកផ្សេងឲ្យចូលរួមបោះឆ្នោត និងរួមគ្នារក្សាសន្តិភាព។

នៅចំពោះមុខ លោកគ្រូអ្នកគ្រូក្រុងកំពតជិត៧០០នាក់ លោក​ ហ៊ុន ម៉ាណែត បានលើកឡើងថា លោកគ្រូ អ្នកគ្រូ គឺជាឪពុកម្តាយទី២របស់សិស្ស ដែលចូលរួមបង្កើតចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឲ្យមនុស្សម្នាក់ពេញលក្ខណៈ។ គ្រូបង្រៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ការបណ្តុះផ្នត់គំនិត ការអភិវឌ្ឍខ្លួន ឲ្យក្លាយជាបញ្ញវ័ន្ត ជួយទ្រទ្រង់ និងកសាងប្រទេសជាតិមាតុភូមិ ឲ្យរីកចម្រើនរុងរឿង តាមរយៈការបង្កើន គុណភាពធនធានមនុស្ស គុណភាពការគិត គុណភាពការអនុវត្ត និងគុណភាពជីវិត។ បើគ្មានការជួយបណ្តុះបណ្តាលពីសំណាក់លោកគ្រូអ្នកគ្រូនោះទេ កម្ពុជាក៏មិនអាចរីកចម្រើនដល់ថ្ងៃនេះដែរ។

ផ្ទុយពីបក្សប្រឆាំងដែលបង្កតែចលាចល ញុះញង់ អុចអាល ចាក់បំបែកសាមគ្គីផ្ទៃក្នុង រត់ទៅជ្រកកោណ និងពឹងបរទេស ឲ្យមកជួយបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ  និងការអភិវឌ្ឍ តាមរយៈការអំពាវនាវឲ្យ កម្លាំងប្រដាប់អាវុធបះបោរបែរកាណុងកាំភ្លើងរករាជរដ្ឋាភិបាល និងការអំពាវនាវឲ្យបរទេសឈប់ទិញទំនិញ និងសម្លៀកបំពាក់កម្ពុជានោះ ពួកគេមិនបានឲ្យតម្លៃគ្រូបង្រៀនទេ ហើយស្រែកប្រមាថថា ប្រព័ន្ធអប់រំកម្ពុជា ថាគ្មានតម្លៃ គ្មានគុណភាព មិនអាច​យកទៅប្រើការបានឡើយ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ មេដឹកនាំបក្សប្រឆាំង ដែលត្រូវបានរំលាយ បានអំពាវនាវដល់ជនរួមជាតិទៀតថា «សុំកុំទៅបោះឆ្នោត» ហើយថា «ការមិនទៅបោះឆ្នោត គឺជាការគាំទ្របក្ស​ប្រឆាំងរបស់គេ» ទាំងនេះបានបង្ហាញច្បាស់អំពីភាពអាត្មានិយម និងគំនិត អន់ថយ ទន់ខ្សោយ ក្នុងកិច្ចការងារក្នុងភាពជា អ្នកដឹកនាំរបស់ប្រធានបក្សប្រឆាំង។  ដូច្នេះមានតែលោកគ្រូ អ្នកគ្រូទេ ដែលជាបញ្ញវ័ន្តអាចមើលឃើញអំពីគំនិតដ៏ខ្មៅកខ្វក់របស់បក្សប្រឆាំងយ៉ាងងាយស្រួល និងអាចជួយពន្យល់ណែនាំអំពីតម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រិះនៃការអភិវឌ្ឍប្រទេសជាតិ។

លោក​បានស្នើសុំលោកគ្រូ អ្នកគ្រូធ្វើជាគំរូគេ ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងកុំចូលរួមឲ្យសោះ រាល់ទង្វើទាំងឡាយណា ដែលប៉ះពាល់ដល់ សន្តិភាព ព្រោះសន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ ម្យ៉ាងទៀតលោកគ្រូ អ្នកគ្រូត្រូវជួយពន្យល់ ណែនាំ និងអូនទាញដល់បុគ្គលជុំវិញខ្លួនដែលលុងជឿ និងលកល្បិច និងការភូតភរ កុហកបោកប្រាស់ ប្រើគ្រប់រូបភាព ឥតអៀនខ្មាស របស់មេបក្សប្រឆាំង ឲ្យមកចូលរួមបោះឆ្នោត និងរួមគ្នារក្សាសន្តិភាពជានិរន្ត។

សូមបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចសំណេះសំណាល លោក ហ៊ុន ម៉ាណែត ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ រួមនិងអំណោយរបស់លោក​ ជាវ តាយ អភិបាលខេត្តកំពត បានឧបត្ថម្ភ លោកគ្រូ អ្នកគ្រូទូទាំងខេត្ត ម្នាក់ៗទទួលបានសៀវភៅក្រមងុយ១ក្បាល និងថវិកាប្រាំម៉ឺនរៀល ដោយឡែកគ្រូមានផ្ទៃពោះម្នាក់ ទទួលបាន៤០ម៉ឺនរៀល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor