
កណ្តាល ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដោយសហការជាមួយកម្លាំងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល និងមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះឆែកឆេរទីតាំងផលិត និងវេចខ្ចប់ ថ្នាំពុលសម្លាប់សត្វល្អិត និងថ្នាំជីកសិកម្ម ខុសច្បាប់មួយកន្លែងនៅក្រុងតាខ្មៅដកហូតវត្ថុតាងជាច្រើន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១និង៤០នាទី នៅចំណុចភូមិព្រែកសំរោង០២ សង្កត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍ទោ ឡុង ស្រេង បានឲ្យដឹងថា ប្រតិបត្តិការណ៍ឆែកឆេរទីតាំងនេះ កម្លាំងជំនាញបានស្រាវជ្រាវរយៈពេល ជិតមួយខែ ហើយទីតាំងខាងលើនោះមានច្បាប់ទម្លាប់ត្រឹមត្រូវរបស់ក្រសួងកសិកម្មសម្រាប់ការនាំចូលនៅជី និងថ្នាំកសិកម្មចំនួន៣៤ប្រភេទ ហើយក្រសួងកសិកម្មអនុញ្ញាតឲ្យគាត់នាំចូល និងដើម្បីចែកចាយនៅទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្នាំកសិកម្ម។ តែក្រោយមកយើងរកឃើញកន្លែងដែលគាត់លួចផលិត វេចខ្ចប់ទាំងអស់ហើយគាត់យកបញ្ជីការដែលក្រសួងកសិកម្មឲ្យនេះគាត់យកទៅបិទខ្ចប់នៅកន្លែងដែលគាត់លួចផលិត និងវេចខ្ចប់ដោយគ្មានច្បាប់។

លោកបានបន្តថា នៅក្នុងប្រតិបត្តិការនេះ យើងរកឃើញវត្ថុធាតុដើមខុសច្បាប់ និងកន្លែងផលិត កន្លែងលាយ កន្លែងវេចខ្ចប់ គឺគ្មានអ្នកបច្ចេកទេសត្រឹមត្រូវទេ ហើយកន្លែងផលិតអត់មានស្តង់ដារ ជាច្រើន ។

ជាលទ្ធផលដែលកម្លាំងចម្រុះបង្ក្រាបមានស្លាកសញ្ញាដែលម្ចាស់ទីតាំងលួចផលិត និងវេចខ្ចប់ចំនួន១៤ស្លាក និងថ្នាំកសិកម្មដែលផលិតហើយជិត១០តោន និងស្លាកថ្នាំចំនួន២តោន ដែលមិនទាន់វេចខ្ចប់ និងផលិត ដែលមានថៅកែជាជនជាតិវៀតណាម តែមិនបាននៅកន្លែងនោះទេ គឺមានតែមេការជាជនជាតិវៀតណាមម្នាក់ ដែលត្រូវបានធ្វើការឃាត់ខ្លួនបាន ដើម្បីយកទៅសួរនាំ។





