ឧត្តរមានជ័យ៖ កាលពីវេលាម៉ោងប្រមាណជាង៣រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិត្បែងចាស់ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ មានគ្រោះ ធម្មជាតិបានកើតឡើង គឺរន្ទះបាញ់ត្រូវមនុស្សស្លាប់២ និង៣នាក់ទៀតរងរបួស ។
បើយោងតាមលោកវរៈសេនីយ៍ឯក ហម ភិរម្យ អធិការស្រុកបន្ទាយអម្ពិល បានឱ្យដឹងថា ក្រោយពីបានទទួលនូវព័ត៌មានរាយការណ៍ ពីក្រុមគ្រួសារជនរងគ្រោះ លោកបានចាត់កំលាំង ជំនាញ នឹងធ្វើការសហការណ៍មូលដ្ឋាន ចុះទៅធ្វើកោសល្យវិច្ច័យនៅនឹងកន្លែងកើតហេតុ ឃើញថាជនរងគ្រោះពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដមែន។
ជនរងគ្រោះដោយរន្ទះបាញ់ ១/ឈ្មោះ សុង ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ ២/ឈ្មោះ ឈៀត ជួប ភេទប្រុស អាយុ២៥ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកអ្នករងរបួស ៣នាក់ ១/ឈ្មោះ ឈៀត ណាន់ ភេទប្រុស អាយុ១៥ឆ្នាំ រងរបួស ២/ឈ្មោះ សែ ឈៀត ភេទប្រុស អាយុ៥៧ឆ្នាំ រងរបួសត្រូវជាឪពុក រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ដោយឡែក ម្នាក់ទៀតឈ្មោះ ម៉ោញ ម៉េត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិគោកឪឡោក ឃុំអម្ពិល ស្រុកបន្ទាយអម្ពិលរងរបួស។
យោងតាមសម្តីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ទាំង៥នាក់ បានចេញពីផ្ទះទៅភ្ជួរដីស្រែចំការ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ហើយនូវរសៀលស្រាប់តែមានទឹកភ្លៀងធ្លាក់មួយមេ លាយឡំទៅដោយផ្លេកបន្ទោលយ៉ាងខ្លាំង ហើយនាំគ្នាទៅជ្រោកនៅក្រោមដើមឈើស្រាប់តែរន្ទះបាញ់ ត្រូវមនុស្សស្លាប់២ រងរបួស៣នាក់ ក្រុមគ្រួសារ បានរាយការណ៍ទៅឱ្យប៉ូលីសអធិការស្រុកបន្ទាយអម្ពិលចុះធ្វើការត្រួតពិនិត្យ។
ចំណែកអ្នករងរបួសខាងសាច់ញាតិ នាំទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាយមានជ័យ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕